ជំនួយមនុស្សធម៌ពីមូលនិធិ GX ចិនហុងកុង ជួយសម្រាលទុក្ខលំបាកជនភៀសសឹក៥០គ្រួសារ នៅស្រុកវាលវែង
25-07-2026 17:13
(ពោធិ៍សាត់)៖ ក្រោយពីបានទទួលការចុះវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងច្បាស់លាស់លើទិន្នន័យជាក់ស្តែងនៃជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងជំរំវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បងប្អូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ (ត្រូវបានជ្រើសរើសវាយតម្លៃចំនួន៣ដង ក្នុងចំណោម ៧៦គ្រួសារ) បានទទួលអំណោយមនុស្សធម៌ដ៏មានតម្លៃពី មូលនិធិ GX ទីក្រុងហុងកុង ប្រទេសចិន ក្នុងគោលបំណងកែលម្អស្ថានភាពរស់នៅ និងសុខភាពរបស់ពលរដ្ឋ ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។
ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណជំរំជនភៀសសឹក វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់, លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង និងលោកស្រីវេជ្ជបណ្ឌិត Poon Grace Yen Yen នាយិកាគម្រោងមូលនិធិ GX ប្រទេសចិន រួមទាំងសិស្សនិស្សិតមកពីសកលវិទ្យាល័យហុងកុង និងសកលវិទ្យាល័យចិនហុងកុង។
បន្ទាប់ពីលោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង បានឡើងជម្រាបជូនអំពីភូមិសាស្ត្ររដ្ឋបាល និងស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនជនភៀសសឹកក្នុងជំរំ នោះរួចមក, លោកស្រីវេជ្ជបណ្ឌិត Poon Grace Yen Yen នាយិកាគម្រោងមូលនិធិ GX ប្រទេសចិនហុងកុង បានបង្ហាញក្តីសោមនស្សរីករាយ និងជាកិត្តិយស ក្នុងការនាំយកជំនួយមកចែកជូនប្រជាពលរដ្ឋ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ។
លោកស្រីបានទទួលស្គាល់ថា ការរស់នៅបណ្តោះអាសន្នបង្កជាបញ្ហាប្រឈមខ្លាំងលើការរស់នៅប្រចាំថ្ងៃ ដូចជាការខ្វះខាតទឹកស្អាត ជម្រក និងការការពារសុខភាព។ មូលនិធិបានផ្ដល់អំណោយជួយសម្រាលបន្ទុក រួមមាន៖ សម្ភារៈអនាម័យ (មុង ធុងចម្រោះទឹក សាប៊ូ ក្រដាសស្អិតចាប់សត្វល្អិត) សម្ភារៈប្រើប្រាស់ (គ្រែបត់) និងស្បៀងអាហារ (អង្ករ និងទឹក)។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការផ្ដល់សម្ភារៈតែមួយមុខមិនគ្រប់គ្រាន់ឡើយ ដោយត្រូវភ្ជាប់មកជាមួយនូវការបង្រៀនពីរបៀបប្រើប្រាស់ត្រឹមត្រូវ និងវគ្គបណ្តុះបណ្តាលសុខភាព ស្ដីពី «ការការពារជំងឺគ្រុនឈាម» ដើម្បីធានាបាននូវភាពធន់ និងសុខុមាលភាពពិតប្រាកដក្នុងសហគមន៍។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មូលនិធិ GX ប្រទេសហុងកុង ដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយមនុស្សធម៌ដ៏មានសារៈសំខាន់នេះ។ លោកវេជ្ជបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាអនាម័យខ្លួនប្រាណ និងបរិស្ថានរស់នៅជុំវិញខ្លួន ព្យាយាមសម្អាត និងថែទាំសុខភាពឱ្យបានល្អ ដើម្បីបង្ការការពារជំងឺគ្រុនឈាម ក៏ដូចជាជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានហ្មត់ចត់បំផុត។
ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្ត និងសូមឱ្យពុកម៉ែបងប្អូនទាំងអស់ បន្តជឿទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃ និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលអាចបង្កឱ្យបាត់បងអាយុជីវិតកម្លាំងការពារព្រំដែន និងប្រជាពលរដ្ឋស្លូតត្រង់ទាំងសង្ខាង។
សំភារៈដែលបរិច្ចាគដល់ជនភៀសសឹក ចំនួន៥០គ្រួសារ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងមួយគ្រួសារៗត្រូវទទួលបាន៖ ធុងចម្លោះទឹកស្អាតចំណុះ២០លីត្រ, គ្រែគេងបត់បាន២, អង្ករ២៥គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ត្រីងៀត២គីឡូក្រាម, ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស, ទឹកដោះគោឃុន១កេស, សាច់ក្រក១គីឡូក្រាម, ទឹកដោះគោខាប់២កំប៉ុង, ផ្លែស្រកានាគ១គីឡូក្រាម, ថាសគ្របម្ហូបអាហារ១, មុងជ្រលក់ថ្នាំ១ និងឧបករណ៍ត្រៀមបង្ការគ្រោះមហន្តរាយ១ឈុត។ ព្រមទាំងប្រគល់ឧបករណ៍វេជ្ជសាស្ត្រ (ម៉ាស៊ីនវាស់សម្ពាធឈាម និងឧបករណ៍តាមដានជាតិស្ករក្នុងឈាម) ៤គ្រឿង និងអំពូលឆក់មូសខ្នាតមធ្យម ៣គ្រឿង ជូនគ្រូពេទ្យប្រចាំ ការនៅកន្លែង។
មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ជូនឧបករណ៍តេស្តរហ័សរកជំងឺគ្រុនឈាម ចំនួន៣០ប្រអប់ និងមណ្ឌលសុខភាពប្រម៉ោយ ក៏ប្រគល់ជូនឧបករណ៍តេស្តរហ័ស រកជំងឺគ្រុនឈាម ចំនួន៧០ប្រអប់ ព្រមទាំងជូនវិទ្យាល័យហ៊ុនសែនប្រម៉ោយ អំពូលឆក់មូសខ្នាតមធ្យម ចំនួន២០គ្រឿងផងដែរ៕






















































