លោក សួស យ៉ារ៉ា៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី ស្តែងចេញពីការរួបរួមសាមគ្គីរបស់សមាជិកបក្ស
25-07-2026 17:17
(កំពង់ធំ)៖ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី គឺជាការស្តែងចេញនូវការរួបរួមសាមគ្គីភាពដ៏រឹងមាំរបស់សមាជិក សមាជិកាគណបក្សទាំងអស់។ ការថ្លែងនេះធ្វើឡើងក្នុងពិធីកាត់ខ្សែបូសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រពាំងឫស្សី ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក សួស យ៉ារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មីនេះឡើង ដោយចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា អគារថ្មីនេះនឹងបង្កលក្ខណៈងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រីគណបក្ស ក៏ដូចជាផ្តល់ទំនុកចិត្តបន្ថែម និងសម្រួលដល់សមាជិក សមាជិកាគណបក្សបានល្អប្រសើរមួយកម្រិតទៀត។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន មានវ័យចំណាស់ជាងគេ និងមានបទពិសោធន៍គ្រប់គ្រាន់ ព្រមទាំងមានស្នាដៃធំៗជាច្រើន ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។
លោកបានជំរុញឲ្យសកម្មជនគណបក្សទាំងអស់ ពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ចូលរួមផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្សឲ្យបានរឹងមាំ និងច្បាស់លាស់ ដើម្បីស្វែងរកការគាំទ្រ និងធានាការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោក សួស យ៉ារ៉ា ក៏បានលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជានៅតែបន្តប្រើប្រាស់យន្តការដោះស្រាយតាមច្បាប់អន្តរជាតិ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានទំនុក ចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
គួរបញ្ជាក់ថា ទីស្នាក់ការគណបក្សថ្មីនេះមានទំហំ ៨ គុណ ១៦ ម៉ែត្រ ធ្វើអំពីឥដ្ឋប្រក់ក្បឿងជ័រ នៅលើផ្ទៃដីទំហំ ២៧ គុណ ៣៣ ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់ក្នុងខែឧសភា ឆ្នាំ២០២៥ និងចំណាយថវិកាសរុបចំនួន ៤៣,៧៥០ដុល្លារ៕




























