កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះរដ្ឋបាល៤ទីតាំង រកឃើញជនបរទេស៣៣នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធ Online Scams
25-07-2026 21:12
(បន្ទាយមានជ័យ)៖ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្ដដឹកនាំក្រុមការងារចម្រុះខេត្ត សម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្ត្យជាក់ស្ដែងចំនួន៤ទីតាំង(បិទសៀល២ទីតាំង) រកឃើញជនបរទេសសរុបចំនួន៣៣នាក់ ស្រី៦នាក់ ២សញ្ជាតិ ឥណ្ឌា២៥នាក់ ស្រី៦នាក់ និងចិន៨នាក់ប្រុស និងខ្មែរ១នាក់ប្រុស។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍បានបញ្ជាក់ថា ទីតាំងដែលចុះត្រួតពិនិត្យរួមមាន៖
+ទីតាំងទី១ អគារកម្ពស់៤ជាន់ ១៦បន្ទប់ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌាចំនួន២៥នាក់ ស្រី៦នាក់ ពុំឃើញមានសម្ភារសង្ស័យពាក់ព័ន្អបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អប់រំ។
+ទីតាំងទី២ ផ្ទះ៣ល្វែង កម្ពស់២ជាន់ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត រកឃើញជនជាតិចិន៣នាក់ប្រុស រកឃើញសម្ភារ:សង្ស័យមួយចំនួនរួមមាន ទូរសព្ទ១៤គ្រឿង កុំព្យូទ័រAll-in-oneចំនួន៣៥គ្រឿង។
ជនជាតិចិន៣នាក់ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី។
ចំពោះវត្ថុតាងកម្លាំងជំនាញ បានវេចខ្ចប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្ដនីតិវិធី,បន្ដស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន។
+ទីតាំងទី៣ ផ្ទះវីឡាមួយកន្លែង មានកម្ពស់២ជាន់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រកឃើញជនជាតិចិន៥នាក់ប្រុស និងខ្មែរ១នាក់ប្រុស រកឃើញសម្ភារសង្ស័យមួយចំនួនរួមមាន ទូរសព្ទ១៨គ្រឿង កុំព្យូទ័រAll-in-oneចំនួន៨គ្រឿង។
ជនជាតិចិន៥នាក់ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី និងខ្មែរ១នាក់ប្រុស នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ចំពោះវត្ថុតាងកម្លាំងជំនាញ បានវេចខ្ចប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្ដនីតិវិធី,បន្ដស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន។
+ទីតាំងទី៤ អគារកម្ពស់៣ជាន់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងជួសជុល។












































