ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ជំរុញឱ្យអាជ្ញាធរពន្លឿនការផ្សព្វផ្សាយធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ
25-07-2026 21:24
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹង និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ស្តីពីការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ការជំរុញនេះ គឺដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ព្រមទាំងអ្នកដែលអត្តសញ្ញាណប័ណ្ណផុតសុពលភាព បាត់បង់ ឬខូចខាត ឱ្យអញ្ជើញមកបំពេញបែបបទធ្វើថ្មី ឬបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ការណែនាំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅសាលមហោស្រពខេត្តក្រចេះ។
លោករដ្ឋមន្ត្រី នែត ភក្ត្រា បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានគ្រប់ៗគ្នា គឺជាកិច្ចការសំខាន់មួយក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានឯកសារអត្តសញ្ញាណស្របច្បាប់។ ឯកសារអត្តសញ្ញាណនេះ គឺជាមូលដ្ឋានសម្រាប់ការប្រើប្រាស់សិទ្ធិ និងការទទួលបានសេវាសាធារណៈនានាពីរាជរដ្ឋាភិបាល ដូចជា ការបំពេញបែបបទរដ្ឋបាល ការទទួលសេវាសុខាភិបាល ការអប់រំ ការបោះឆ្នោត និងសេវាចាំបាច់ផ្សេងៗទៀតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពឱ្យបានទាន់ពេលវេលា ដើម្បីធានាសិទ្ធិ ផលប្រយោជន៍ និងការទទួលបានសេវាសាធារណៈប្រកបដោយសមធម៌ ព្រមទាំងរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕



























