បណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ នៅស្រុកត្បូងឃ្មុំ
25-07-2026 23:17
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ព្រមទាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៩៥០ម៉ែត្រ នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ឆ្លើយតបចំតម្រូវការជាក់ស្តែង និងបម្រើជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើគោលនយោបាយអាទិភាពទាំង៥ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងគោលបំណងពង្រឹងការថែរក្សាសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជាតិឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមរបាយការណ៍របស់រដ្ឋបាលស្រុកត្បូងឃ្មុំ អំពូលសូឡាចំនួន ៦៨ដើម នឹងត្រូវបំពាក់នៅតាមបណ្តោយផ្លូវដែលបានសម្ពោធនេះ។ សរុបជារួម ប្រជាពលរដ្ឋក្នុងឃុំមង់រៀវ បានទទួលនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានការសាងសង់ផ្លូវបេតុងសរុប ៥៨២១ម៉ែត្រ ការជួសជុលផ្លូវដីក្រាលគ្រួសក្រហម ការស្តារប្រឡាយ ការសាងសង់ទំនប់បេតុងបង្ហៀរទឹក និងការបំពាក់អំពូលសូឡា ព្រមទាំងធុងសំរាមនៅតាមទីតាំងសាធារណៈនានា៕















