លោកស្រីបណ្ឌិត ជា សិរី៖ ការសាងសងអាគារសិក្សា ជាការវិនិយោគដែលមានតម្លៃបំផុត ផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់ការសិក្សា ក្នុងការរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា
25-07-2026 23:25
(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការសាងសងអាគារសិក្សា គឺជាការវិនិយោគដែលមានតម្លៃបំផុត ផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់ការសិក្សា ក្នុងការរួមចំណែក លើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតអញ្ជើញចូលរួមសម្ពោធគារសិក្សាថ្មី១ខ្នង មានចំនួន៥បន្ទប់ និងមិទ្ធផលផ្សេងៗទៀត ក្នុងសាលាបឋមសិក្សាតាំងក្រសៅ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៦។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា នេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកស្រីបណ្ឌិតក៏បានរំលេចពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំ ជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព និងបានលើកឡើងអំពីការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាង រាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើន នៅក្នុងខេត្តកំពង់ធំ មានការរីកចម្រើនជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនោះលោកស្រីបណ្ឌិត ក៏បានរំលឹកដល់មាតាបិតាឱ្យបញ្ជូនកូនទៅរៀន ព្រោះនេះមិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ នេះក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រដ៏មានប្រសិទ្ធភាព ផងដែរ ដូចពាក្យស្លោកមួយពោលថា ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែកទាល់តែរៀបចំពីថ្ងៃនេះ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ការវិនិយោគលើការសិក្សារបស់កូន គឺជាការវិនិយោគដែលមានតម្លៃបំផុត បានផ្តល់ផលប្រយោជន៍យូរអង្វែង មិនត្រឹមតែសម្រាប់គ្រួសារតែមួយទេ គឺសម្រាប់សង្គមនិងជាតិទាំងមូលផងដែរ។ ជាក់ស្តែងកុមារនាពេលបច្ចុប្បន្ន គឺជាកម្លាំងស្នូលនាពេលអនាគត ដែលនឹងក្លាយជាអ្នក ជំនាញ អ្នកច្នៃប្រឌិត និងថ្នាក់ដឹកនាំដែលអាចនាំប្រទេសឱ្យរីកចម្រើន និងមានកិត្យានុភាពលើឆាកអន្តរជាតិ»។
ចំពោះការលើកទឹកចិត្តឱ្យកូន សិក្សាមិនមែនគ្រាន់តែជាការជួយកូនទេ ប៉ុន្តែជាការចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ។ ដូច្នេះសូមលោកអ៊ំ ពូ មីង បងប្អូន ជាអាណាព្យាបាល សូមបញ្ជូនកូនៗទៅសាលា ជួយលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យកូនៗ បានបន្តការសិក្សាទាំងអស់គ្នា។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង ធនាគារ អេស៊ីលីដា, ធនាគារ ខេប៊ី, ប្រាសាក់, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ អេ អឹម ខេ, ធនាគារ FTB និងធនាគារ ហត្ថា ដែលបានចូល រួមឧបត្ថម្ភក្នុងការសាងសង់អគារសិក្សា ១ខ្នង មាន៥បន្ទប់ ការជួសជុលកែលម្អអគារសិក្សា ១ខ្នង មាន៥បន្ទប់ និងការសាងសង់រោង បាយថ្មី ១ខ្នង ព្រមទាំងឧបត្ថម្ភតុ កៅអី និងក្តារខៀនផងដែរ។
លោកស្រីបណ្ឌិតក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ដើម្បីចែកជូនលោកគ្រូ-អ្នកគ្រូ អ៊ំ ពូ មីង អាណាព្យាបាល សិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ៣១៩ នាក់រួមមាន៖ ឧបត្ថម្ភសាលាបឋមសិក្សាតាំងក្រសៅចំនួន ២ លានរៀល, ឧបត្ថម្ភរដ្ឋបាលឃុំ មណ្ឌលសុខភាព, យុវជនគណបក្សភូមិ និងលោកគ្រូ-អ្នកគ្រូសរុប ៧៩រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន ១៥០រូប ម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ម៉ឺនរៀល និងសិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន ៩០រូប ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់ និងថវិកា១ម៉ឺនរៀល៕





















