អ្នកចាំទីដៃស្អិត Vozinha របស់កាប់វែរ ចុះកិច្ចសន្យាលេងឱ្យក្លិបឈីលី ក្រោយសាងប្រវត្តិសាស្រ្តនៅ World Cup 2026
26-07-2026 10:21
(បរទេស)៖ Vozinha កីឡាករចាំទីដៃពីងពាងនៃប្រទេសដែនកោះកាប់វែរនៅតំបន់អាហ្រ្វិកនោះ នឹងចុះកិច្ចសន្យាលេង ឱ្យក្លិប Colo Colo ស្ថិតក្នុងលីគកំពូលប្រទេសឈីលី បន្ទាប់ពីសាងកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើលនៅ FIFA World Cup 2026 រួចមក។
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា Vozinha វ័យ ៤០ឆ្នាំពុំមានក្លិបលេងឡើយ បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Chaves ដែលស្ថិតក្នុងលីគលំដាប់ទី២ របស់ប្រទេសព័រទុយហ្គាល់ ទាំងដែលខ្លួនកំពុង បំពេញកាតព្វកិច្ចនៅជម្រើសជាតិ។
លោក Anibal Mosa ប្រធានក្លិប Colo Colo បានថ្លែងថា «Vozinha រកក្លិបថ្មីលេងបានហើយ។ រូបគេនឹងក្លាយជាសមាជិកថ្មីរបស់ Colo Colo នាពេលឆាប់ៗនេះ»។
ទោះជាយ៉ាងណា ស្ថិតក្នុងវ័យជ្រេ និងមានមិនដល់ ១០នាក់ផង ដែលមានវ័យលើសពី ៤០ឆ្នាំបង្ហាញខ្លួននៅ WC26 ក្នុងចំណោម ១,២៤៨នាក់ Vozinha បានធ្វើឱ្យពិភពលោក ជាពិសេសអ្នកគាំទ្របាល់ទាត់បើកភ្នែកធំៗសំឡឹង និងស្រឡាំងកាំងស្ទើរគ្រប់គ្នា នៅពេលរូបគេរារាំងបាល់ស៊ុតយ៉ាងសន្ធាប់ពីក្រុមជើងឯក គោជល់អេស្ប៉ាញ នៅថ្ងៃបើកឆាករបស់ពួកគេតែម្តង តាមរយៈបិទជាប់លទ្ធផល ០-០ ពេញ ៩០នាទី។
Vozinha ដែលកន្លងមកធ្លាប់ប្រកបអាជីពបាល់ទាត់នៅប្រទេសស្លូវ៉ាគី អង់ហ្គូឡា ម៉ាសាវី កោះស៊ើប និងព័រទុយហ្គាល់ ផងនោះ វីសនឹងជួយកាប់វែរឆ្លងចូលវគ្គ ១៦ក្រុមជាបន្តទៀត នៅពេលវាយបកតាមស្មើជាបន្តបន្ទាប់ទល់នឹងម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីនពីក្នុងវគ្គ ៣២ក្រុមនៅ World Cup 2026 មុនពេលបរាជ័យ ៣-២ ក្នុងម៉ោងថែម ១៥នាទី ២ដង។
ថ្វីដ្បិតតែ កាប់វែរបានហាលអាវត្រឹមវគ្គ ៣២ក្រុម និងក្នុងនាមប្រទេសតូចទី២ ដែលបានបង្ហាញខ្លួនក្នុងប្រវត្តិសាស្រ្ត World Cup ក៏ពិតមែន ក៏ប៉ុន្តែអ្នកចាំទីរបស់ពួកគេ Vozinha ត្រូវបានសហព័ន្ធ FIFA ចាត់ទុកជាអ្នកចាំទីល្អបំផុត និងបានចុចឈ្មោះក្នុងចំណោម ១១នាក់ល្អបំផុត ទោះបីស្រោមដៃមាសបានប្រគល់ជូន Unai Simon នៃក្រុមជើងអេស្ប៉ាញក៏ដោយ៕




