អ្នកឧកញ៉ា យូ សាម៉េត៖ ការទទួលបានសញ្ញាបត្រគឺជាការចាប់ផ្តើម មិនមែនជាទីបញ្ចប់នៃការរៀនសូត្រនោះទេ, ការបន្តសិក្សា អភិវឌ្ឍជំនាញ និងការបើកចិត្តទទួលយកចំណេះដឹងថ្មីៗ គឺជាគន្លឹះនៃភាពជោគជ័យក្នុងវិជ្ជាជីវៈ
26-07-2026 20:49
(ភ្នំពេញ)៖ អ្នកឧកញ៉ា យូ សាម៉េត បានលើកឡើងថា ការទទួលបានសញ្ញាបត្រ គឺជាការចាប់ផ្តើម មិនមែនជាទីបញ្ចប់នៃការរៀនសូត្រនោះទេ។ ការបន្តសិក្សា ការបន្តអភិវឌ្ឍជំនាញ និងការបើកចិត្តទទួលយកចំណេះដឹងថ្មីៗ គឺជាគន្លឹះនៃភាពជោគជ័យក្នុងវិជ្ជាជីវៈ។
អ្នកឧកញ៉ាបានលើកឡើងបែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្នុងពិធីប្រគល់សញ្ញាបត្រ បច្ចុប្បន្នភាពបច្ចេកវិទ្យាព្យាបាលផ្ទៃមុខ រៀបចំដោយសាលា ខេខេអាយអឹម ស្ដេនដាត ប៊ីយូធី អាកាដឺមី (KKIM Standard Beauty Academy) នៅសណ្ឋាគារ Fairfield by Marriott Phnom Penh នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត អគ្គនាយក អ៉ីខន គ្រុប បានឲ្យដឹងថា វិស័យថែរក្សាសម្ផស្សជាផ្នែកមួយនៃកត្តាជំរុញសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធិភាព ពីព្រោះជាជំនាញមួយដែលអាចបង្កើតការងារដល់មនុស្សគ្រប់គ្នា ជាពិសេសស្ត្រីដែលកំពុងគិតថា ខ្លួនមិនមានសមត្ថភាពក្នុងការជួយដល់គ្រួសារ និងសង្គម ជាតិ។ មួយវិញទៀត វិស័យថែរក្សាសម្ផស្សជាជំនាញមួយដែលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា ហើយក៏ជាភ្នាក់ងារបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ជាពិសេសកាត់បន្ថយភាពអត់ការងារធ្វើរបស់ប្រជាជនកម្ពុជា។
អ្នកឧកញ៉ា យូ សាម៉េត មានសេចក្តីរីករាយដែលបានឃើញថា សាលាបានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើគុណភាពនៃការបណ្តុះបណ្តាល ដោយរួមបញ្ចូលទាំងចំណេះដឹងទ្រឹស្តី ការអនុវត្តជាក់ស្តែង ការប្រើប្រាស់ឧបករណ៍ទំនើប និងការបណ្តុះសីលធម៌វិជ្ជាជីវៈនៅក្នុងវិស័ថែរក្សាសម្ផស្សស្របតាមស្តង់ដារអន្តរជាតិ។ នេះគឺជាកត្តាសំខាន់ដែលជួយឱ្យសិស្សានុសិស្សអាចចូលរួមក្នុងទីផ្សារការងារបានដោយទំនុកចិត្ត និងមានសមត្ថភាពពិតប្រាកដ។ អ្វីដែលកាន់តែគួរឱ្យមោទនភាពនោះ គឺសញ្ញាបត្រ ដែលសិស្សានុសិស្សទទួលបាន ត្រូវបានទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលស្របតាមច្បាប់ជាធរមាន។ នេះគឺជាមូលដ្ឋានដ៏រឹងមាំមួយ ដែលអាចឱ្យអ្នកបន្ត ប្រកបវិជ្ជាជីវៈ បង្កើតអាជីវកម្មដោយស្របច្បាប់ និងអភិវឌ្ឍអាជីពរបស់ខ្លួនប្រកបដោយទំនុកចិត្ត។
អ្នកឧកញ៉ា យូ សាម៉េត បានបញ្ជាក់ថា «សញ្ញាបត្រគឺជាការចាប់ផ្តើម មិនមែនជាទីបញ្ចប់នៃការរៀនសូត្រនោះទេ។ ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាថ្មីៗកំពុងកើតឡើងជាបន្តបន្ទាប់ ហើយតម្រូវការរបស់អតិថិជនក៏កាន់តែមានកម្រិតខ្ពស់។ ដូច្នេះ ការបន្តសិក្សា ការបន្តអភិវឌ្ឍជំនាញ និងការបើកចិត្តទទួលយកចំណេះដឹងថ្មីៗ គឺជាគន្លឹះនៃភាពជោគជ័យក្នុងវិជ្ជាជីវៈ»។
លោកស្រី ឈូ គីមសួង គ្រូបង្រៀន និងជាអគ្គនាយិកា HEALLEN CAMBODIA ក៏ជឿជាក់ថា ជំនាញថែរក្សាសម្ផស្សមិនត្រឹមតែជាអាជីពប៉ុណ្ណោះទេ ប៉ុន្តែជាមុខជំនាញដែលអាចបង្កើតប្រាក់ចំណូល ស្ថិរភាពគ្រួសារ និងឱកាសក្នុងការបង្កើត អាជីវកម្មដោយខ្លួនឯង។ ពីដើមមក អ្នកគ្រូតែងតែឮឃ្លាមួយដែលគេនិយាយតៗគ្នាថា «ស្ត្រីវិលចង្ក្រានមិនជុំ» ប៉ុន្តែបច្ចុប្បន្ននេះ ឃើញថាស្ត្រីមិនត្រឹមតែអាចគ្រប់គ្រងកិច្ចការក្នុងផ្ទះបាននោះទេ ស្ត្រីថែមទាំងអាចចូលរួមជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា តាមរយៈការរៀននូវជំនាញ ផ្សេងៗជាពិសេសគឺជំនាញថែរក្សាសម្ផស្ស ដែលស្ត្រីគ្រប់រូបអាចយកជំនាញផ្នែកថែរក្សាសម្ផស្សនេះ ទៅប្រកបអាជីវកម្ម និងបង្កើតប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ៕







