អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ៖ ប្រជាពលរដ្ឋខ្មែរនៅតែចងចាំទង្វើឈ្លានពានរបស់ថៃ និងការលះបង់របស់វីរៈកងទ័ពក្នុងការការពារបូរណភាពទឹកដី

27-07-2026 14:48

(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានលើកឡើងថា ទោះបីជាព្រឹត្តិការណ៍ឈ្លានពានបូរណភាពទឹកដីខ្មែរដោយទាហានថៃ បានកន្លងផុតទៅមួយឆ្នាំហើយក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតែចងចាំជានិច្ចនូវស្រមោលអតីតកាលនៃការឈ្លានពាននេះ ហើយដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរៈកងទ័ពខ្មែរជួរមុខ ក្នុងការការពារបូរណភាពទឹកដី។

ថ្លែងក្នុងឱកាសអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់វត្តចំនួន៩ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានសង្កត់ធ្ងន់ថា ស្មារតីស្នេហាជាតិ និងការឈឺចាប់របស់កូនខ្មែរគ្រប់រូបនៅតែដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបានឡើយនូវព្រឹត្តិការណ៍សោកនាដកម្មប្រវត្តិសាស្ត្រ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងទ័ពឈ្លានពានសៀមបានបាញ់ប្រហារយ៉ាង សាហាវឃោរឃៅមកលើវីរៈកងទ័ពកម្ពុជា បណ្តាលឱ្យមានការបាត់បង់ជីវិត និងរងរបួស។

លោកបានបន្តថា សោកនាដកម្មនេះបានរីករាលដាលទៅជាការវាយប្រហារទ្រង់ទ្រាយធំ រហូតដល់ភាគីសៀមប្រើប្រាស់យន្តហោះចម្បាំង F16 ហោះរំលោភបំពានដែនអាកាសអធិបតេយ្យភាពកម្ពុជា និងទម្លាក់គ្រាប់បែក បំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ផ្ទះសំបែង សាលារៀន វត្តអារាម និងប្រាង្គប្រាសាទបុរាណយ៉ាងធ្ងន់ធ្ងរ។ មហន្តរាយនេះបានបង្ខំឱ្យប្រជាពលរដ្ឋខ្មែរជាងកន្លះលាននាក់ភៀសសឹក។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ស៊ូ ភិរិន្ទ ក៏បានអំពាវនាវឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តតាកែវ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ចងចាំជានិច្ចនូវទង្វើឈ្លានពាន និងគម្រូវីរៈភាពដ៏អង់អាចក្លាហាននៃការលះបង់ របស់វីរៈកងទ័ពការពារព្រំដែន។

ជាមួយគ្នានេះ ត្រូវមានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ-ធិបតី ជាថ្នាក់ដឹកនាំ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសសៀមដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសុខសន្តិភាពតាមបណ្តោយព្រំដែនឡើងវិញ៕