សម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធផលផ្សេងៗនានា នៅសាលាបឋមសិក្សាឆ្កែកូន ក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល
27-07-2026 14:57
(បាត់ដំបង)៖ លោក យ៉ន ទាយាទ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធផលផ្សេងៗនានា នៅសាលាបឋមសិក្សាឆ្កែកូន ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបឋមសិក្សាឆ្កែកូន ដោយមានការអញ្ជើញចូលរួមពីលោក ឡុង ឆេង ជំនួយការសម្តេចតេជោ, លោក ណុប ស៊ីនិត ជំនួយការសម្តេចតេជោ, លោក ផៃ ប៊ុនវណ្ណៈ ជំនួយការសម្តេចតេជោ, លោក សាល សណ្តុះ ជំនួយការសម្តេចតេជោ, លោកឧកញ៉ា គឹម សាវុធ, លោក សេន រ៉ានុត តំណាងសប្បុរសជនក្នុងនិងក្រៅប្រទេស, លោក មូល ធន អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក តេង គឹមស៊ាន អភិបាលស្រុកថ្មគោល, ប្រធានការិយាល័យអប់រំស្រុកថ្មគោល, អាជ្ញាធរមូលដ្ឋាន, លោកនាយក, លោកនាយករង, លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
បន្ទាប់ពីមតិចូលរួមរបស់លោក សេន រ៉ានុត ម្ចាស់ជំនួយ តំណាងសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងនិងអភិវឌ្ឍជាតិលើវិស័យអប់រំនេះរួចមក។
លោក មូល ធន បានផ្តាំផ្ញើដល់កូនៗ ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យពូកែ មានចំណេះដឹង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនកសាងប្រទេសជាតិនាថ្ងៃអនាគត និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងត្រូវថែទាំសុខភាព មានអនាម័យល្អផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក យ៉ន ទាយាទ បានថ្លែងអំណរគុណដល់សប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍជាតិ តាមរយៈថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន។
លោកបាននាំប្រសាសន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីសាកសួរសុខទុក្ខក្មួយៗទាំងអស់ ឱ្យនាំគ្នាខិតខំរៀនសូត្រឱ្យមានចំណេះដឹងខ្ពស់ ទើបមានលទ្ធភាពជួយខ្លួនយើងបាន ជួយក្រុមគ្រួសារ សង្គមជាតិ និងខិតខំធ្វើការងារផ្សេងៗ នាពេលអនាគតបានរីកចម្រើនផងដែរ។
ជាកិច្ចបញ្ចប់ គណៈអធិបតីក៏បានចែកបណ្ណថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងក្រុមការងារ ព្រមទាំងលោកគ្រូ អ្នកគ្រូមួយចំនួន និងកាត់ខ្សែដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ៕





























