ហេតុអ្វីសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» ជាសៀវភៅចាំបាច់សម្រាប់អ្នកសារព័ត៌មាន ជំនាន់ថ្មី?
27-07-2026 15:26
(ភ្នំពេញ)៖ សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» (The Essentials of Professional Journalism) និពន្ធដោយលោក សោម សត្តនា/ម៉ារ យ៉ារិទ្ធិ ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការ ដើម្បីផ្តល់ជាមូលដ្ឋានចំណេះដឹង មគ្គុទេសក៍អនុវត្ត និងឯកសារយោងសម្រាប់សិស្ស និស្សិត អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកដែលមានបំណងចូលរួមក្នុងវិស័យសារព័ត៌មាន។
ការចេញផ្សាយសៀវភៅនេះធ្វើឡើងនៅក្នុងបរិបទដែលព័ត៌មានកំពុងហូរចូលយ៉ាងឆាប់រហ័ស ខណៈព័ត៌មានក្លែងក្លាយ ការបំភាន់ព័ត៌មាន បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិត ឬ AI កំពុងផ្លាស់ប្តូរទាំងរបៀបផលិត ការផ្សព្វផ្សាយ និងការទទួលព័ត៌មានរបស់សាធារណជន។ លោក សោម សត្តនា បានថ្លែងក្នុងចំណាប់អារម្មណ៍ថា៖
«សារព័ត៌មាន មិនមែនគ្រាន់តែជាការងារនៃការប្រាប់ថា អ្វីបានកើតឡើងនោះទេ។ បេសកកម្មធំបំផុតរបស់អ្នកសារព័ត៌មាន គឺការស្វែងរកការពិត ការពារការពិត និងប្រាប់ការពិតទៅសាធារណជន ដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវ» ។ «គន្លឹះអ្នកសារព័ត៌មានអាជីព» កម្រាស់៣៩០ទំព័រ មិនមែនជាសៀវភៅទ្រឹស្តីសុទ្ធនោះទេ។ សៀវភៅនេះជាការប្រមូល និងរៀបចំចំណេះដឹងដែលលោក សោមសត្តនា/ម៉ារ យ៉ារិទ្ធិ ទទួលបានពីការសិក្សា ការរាយការណ៍ព័ត៌មាន ការដឹកនាំការងារក្នុងបន្ទប់ព័ត៌មានទាំងក្នុងនិងក្រៅប្រទេស និងការបណ្តុះបណ្តាលអ្នកសារព័ត៌មានអស់រយៈពេលជាង ៤០ឆ្នាំមកហើយ។
បទពិសោធន៍ពីការងារជាក់ស្តែងសម្រាប់អ្នកសារព័ត៌មានអាជីព ត្រូវបានភ្ជាប់ជាមួយគោលការណ៍ និងស្តង់ដារសារព័ត៌មាន ដើម្បីធ្វើឱ្យសៀវភៅនេះ មិនត្រឹមតែអាចយកទៅសិក្សាបានទេ ប៉ុន្តែអាចយកទៅប្រើប្រាស់ក្នុងការងារព័ត៌មានប្រចាំថ្ងៃបានផងដែរ។
មាតិកាសៀវភៅនេះ ត្រូវបានរៀបចំជាប្រព័ន្ធ ចាប់ពីមូលដ្ឋានសារព័ត៌មាន តួនាទី និងគោលការណ៍វិជ្ជាជីវៈ រហូតដល់ជំនាញចុះយកព័ត៌មាន ការសម្ភាស ការផ្ទៀងផ្ទាត់ប្រភព និងការសរសេរអត្ថបទតាមទម្រង់ផ្សេងៗ។
សៀវភៅ រួមមានមេរៀនអំពីការសរសេរ Hot News, News Feature, Feature Writing, Commentary, Editorial, Opinion និង Analysis ព្រមទាំងរចនាសម្ព័ន្ធ Inverted Pyramid, Lede, Body, Ending, Thesis, Evidence និង Conclusion។
លើសពីនេះ សៀវភៅក៏គ្របដណ្តប់លើ Investigative Journalism, Data Journalism, Interview Writing, Photojournalism, Broadcast Journalism និង Digital Journalism ដែលជាជំនាញចាំបាច់សម្រាប់បន្ទប់ព័ត៌មានសម័យទំនើប។
ក្រៅពីបច្ចេកទេសរាយការណ៍ និងការសរសេរ សៀវភៅបានលើកយកក្រមសីលធម៌មកពន្យល់ជាផ្នែកសំខាន់ ដោយផ្តោតលើការពិត និងភាពត្រឹមត្រូវ ភាពយុត្តិធម៌ និងសមតុល្យ ឯករាជ្យភាព ការទទួលខុសត្រូវ និងគោលការណ៍មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
អគ្គនាយកបណ្តាញសារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានសម្តែងក្តីរីករាយចំពោះការចេញផ្សាយសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» និងបានបង្ហាញក្តីរំពឹងថា ស្នាដៃនេះនឹងក្លាយជាឯកសារសិក្សា និងជាថ្នាលបណ្តុះបណ្តាលដ៏រឹងមាំមួយ សម្រាប់សិស្ស និស្សិត អ្នកសារព័ត៌មាន និងអ្នកដែលចង់អភិវឌ្ឍខ្លួនក្នុងវិស័យសារព័ត៌មាន។
លោក លឹម ជាវុត្ថា បានថ្លែងថា៖ «ខ្ញុំជឿថា ស្នាដៃទី៤របស់លោកគ្រូ ម៉ារ យ៉ារិទ្ធិ នេះ នឹងក្លាយជាឃ្លាំងចំណេះដឹងដ៏មានតម្លៃសម្រាប់អ្នកសិក្សា និងអ្នកសារព័ត៌មានទូទៅ ពីព្រោះសៀវភៅនេះបានប្រមូលផ្តុំ និងរៀបចំចំណេះដឹងសារព័ត៌មានយ៉ាងទូលំទូលាយ ចាប់ពីមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈ រហូតដល់សារព័ត៌មានឌីជីថល និងទម្រង់សារព័ត៌មានសម័យថ្មី»។
លោកបានបន្ថែមថា ការដាក់បញ្ចូលទាំងគោលការណ៍មូលដ្ឋាន ជំនាញសរសេរ ការរាយការណ៍ ការស៊ើបអង្កេត ក្រមសីលធម៌ និងបច្ចេកទេសផលិតព័ត៌មានលើវេទិកាឌីជីថល បានធ្វើឱ្យសៀវភៅនេះមានតម្លៃជាឯកសារយោងមួយ ដែលអាចប្រើបានទាំងក្នុងការបង្រៀន ការសិក្សាដោយខ្លួនឯង និងការអនុវត្តការងារជាក់ស្តែងក្នុងបន្ទប់ព័ត៌មាន។
ចំណុចគួរឱ្យកត់សម្គាល់មួយទៀត គឺសៀវភៅបានដាក់បញ្ចូលមេរៀនអំពី TikTok Journalism និង Podcast Journalism រួមទាំងរចនាសម្ព័ន្ធវីដេអូ ជំនាញដែលអ្នកផលិតត្រូវមាន ហានិភ័យនៃការផ្សាយតាម TikTok និងភាពខុសគ្នារវាងសារព័ត៌មានប្រពៃណី និងសារព័ត៌មានបណ្តាញសង្គម។
ការចេញផ្សាយសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» មិនត្រឹមតែជាការបន្ថែមឯកសារសិក្សាផ្នែកសារព័ត៌មានជាភាសាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកបទពិសោធន៍ពីអ្នកសារព័ត៌មានជើងចាស់ទៅកាន់អ្នកសារព័ត៌មានជំនាន់ថ្មី។
សៀវភៅនេះមិនត្រឹមតែបង្រៀនថា តើត្រូវសរសេរព័ត៌មានយ៉ាងដូចម្តេច នោះទេ ប៉ុន្តែថែមទាំងបង្រៀនថា តើត្រូវគិត សួរ ស្វែងរកការពិត និងបម្រើសង្គមយ៉ាងដូចម្តេច ក្នុងនាមជាអ្នកសារព័ត៌មានអាជីព៕


























