ដោយសារស្ថិរភាពនយោបាយ ធុរកិច្ចជនចិនទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា (Video inside)
27-07-2026 15:27
(ភ្នំពេញ)៖ លោក ឈី ហ្វាង សមាជិកក្រុមប្រឹក្សានៃសមាគមជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគចិន បានលើកឡើងថា ដោយសារស្ថិរភាពនយោបាយ ធុរកិច្ចជនចិន ក៏ដូចជាគណៈប្រតិភូរបស់លោក ទុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។
លោកលើកឡើងបែបនេះ ក្នុងឱកាសធុរជនចិនជាច្រើនរូប បានទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា ។
លោក ឈី ហ្វាង បញ្ជាក់ថា «ចំណុចមួយទៀតដែលពួកគាត់បានចាប់អារម្មណ៍ មុនពេលដែលមកប្រទេសកម្ពុជា គឺទាក់ទងនឹងសន្តិសុខ សុវត្ថិភាព ប៉ុន្តែដល់ពេលមកដល់មើលជាក់ស្តែង គឺគាត់អត់ចាំបាច់ព្រួយបារម្ភចំពោះស្ថិរភាពនយោបាយនៅប្រទេសយើងផងដែរ»។
បើតាមលោក ឈី ហ្វាង, នៅអនឡាញ ឃើញមានការរិះគន់មួយចំនួនទាក់ទងនឹងប្រទេសកម្ពុជាថាជាតំបន់អត់ល្អ។ ប៉ុន្តែមកដល់ពេលជាក់ស្តែង ពួកគាត់មើលឃើញទិដ្ឋភាពនៃប្រទេសកម្ពុជា មានទំនុកចិត្តក្នុងការវិនិយោគ ឃើញថាបរិយាកាសវិនិយោគនៅកម្ពុជា គឺល្អប្រសើរ។
លោក ឈី ហ្វាង បានបន្តថា ក្រោមការដឹកនាំរបស់ ឧកញ៉ា ម៉ម វណ្ណឌី សមាគមអតីតយុទ្ធជនរបស់គាត់ បានបែងចែកជាក្រុមៗ ដើម្បីទៅសិក្សានៅតំបន់ផ្សេងៗទៀត
ទាក់ទងនឹងវិស័យផ្សេងៗទៀតនៅប្រទេសកម្ពុជា។ មានក្រុមមួយទៀត គាត់មានចំណាប់អារម្មណ៍ក្នុងការធ្វើសាប៊ូ ដោយបានទៅផ្សារទំនើបអ៉ីអន (AEON) ដើម្បីសិក្សាអំពីទីផ្សារ។ បន្ទាប់ពីគាត់សិក្សាហើយ គាត់នឹងមកធ្វើការពិភាក្សាជាមួយអ្នកឧកញ៉ា ម៉ម វណ្ណឌី ទាក់ទងនឹងការផលិតផងដែរ។
លោក ឈី ហ្វាង បានបន្ថែមថា អ្នកវិនិយោគផ្សេងទៀត ចង់រៀបចំធ្វើរោងចក្រនៅទីនេះ ហើយគាត់ក៏សុំសំណូមពរដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីយកអតីតយុទ្ធជន និងនិវត្តជន ដើម្បីចូលធ្វើការនៅក្នុងរោងចក្ររបស់គាត់ទៀតផង។ សំខាន់បំផុត គាត់ចង់ឲ្យរាជរដ្ឋាភិបាល គាំទ្រទាក់ទាងនឹងការវិនិយោគរបស់គាត់ ដូចជាច្បាប់វិនិយោគមានហើយ បន្ទាប់មកតើពេលគាត់នាំចូលមានការអនុគ្រោះអ្វីខ្លះ»។
សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដែលមកពីតំបន់ជាច្រើនដូចជា ក្វាងស៊ី, ក្វាងទុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត៕










