នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី នាំយកអំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រ និងដង្ហែទានព្រះវស្សាប្រគេនព្រះសង្ឃនៅខេត្តកំពង់ឆ្នាំង

27-07-2026 15:30

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស រួមជាមួយលោកស្រី អ៊ូ សិទ្ធិរី ជាភរិយា និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងអាជ្ញាធរមូលដ្ឋាន បានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចការសាសនា។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ និងលោកស្រី បានដឹកនាំក្រុមការងារដង្ហែទានព្រះវស្សាទៅប្រគេនព្រះសង្ឃនៅវត្តចំនួន៧ ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកនាយឧត្តមសេនីយ៍ និងលោកស្រី ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមទាំងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារក្រីក្រមួយនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង។ គ្រួសារនេះមានសមាជិក៦នាក់ រស់នៅជាមួយលោកតានិងលោកយាយវ័យជរា មានជំងឺប្រចាំកាយ និងទើបនឹងវះកាត់។ លើសពីនេះ កូនប្រុស៣នាក់មានពិការភាព (២នាក់ខ្វិនដើរមិនរួច និងម្នាក់ទៀតថ្លង់ត្រចៀកធ្ងន់ធ្ងរ) ចំណែកចៅស្រីអាយុ១៧ឆ្នាំម្នាក់ ក៏មានជំងឺចម្លែកកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារនេះ លោកនាយឧត្តមសេនីយ៍ និងលោកស្រី បានសម្តែងនូវក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅ និងបានផ្តល់អំណោយទាំងនេះ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ពួកគាត់ បានមួយចំណែក។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ឱ្យបន្តយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់តម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ឱ្យបានទាន់ពេលវេលា និងដិតដល់បំផុត។

កាយវិការមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីគោលការណ៍ដ៏ចម្បងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព៕