គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា នាំយកអំណោយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ជាង១លានដុល្លារអាមេរិក ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប
27-07-2026 15:52
(សៀមរាប)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការ រួមជាមួយលោក Choi Byoung Jin តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ក្នុងទំហំទឹកប្រាក់ ជាងមួយលានដុល្លារអាម៉េរិក ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនខ្សត់ខ្សោយ ជនងាយរងគ្រោះ និងជនភៀសសឹក ឱ្យបានកាន់តែប្រសើរឡើង ដែលដឹកនាំទទួលដោយលោក យុន លីនណេ តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្ថិតនៅសាលាខេត្តសៀមរាប។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តសៀមរាប បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ព្រមទាំងបានធ្វើសេចក្តីរបាយកាណ៍ដោយសង្ខេបអំពីវឌ្ឍនភាពការងារលើគ្រប់វិស័យ បញ្ហាប្រឈម និងទិសដៅការងារបន្ត ដោយផ្តោតសំខាន់លើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព បរិយាប័ន និងសមធម៌ ជូនប្រជាពលរដ្ឋ។
មានប្រសសាន៍សំណេះសំណាលនាឱកាសនោះ លោកប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងសម្រេចបានលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ។ លោកក៏បានពាំនាំនូវបណ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប។
លោកប្រធាន បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់យកអាទិភាពការងារចម្បងចំនួនពីរ គឺ ១.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និង២.ការពង្រឹងកិច្ចអនុវត្តការទូតសភា។ ឆ្លើយតបនឹងការងារជាអាទិភាពទាំងពីរនេះ គណៈកម្មការទី១០ បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដើម្បីកៀរគរជំនួយមនុស្សធម៌ជួយដល់ប្រជាពលដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅតាមមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់ មន្ត្រីរាជការ យុវជន យុវនារី និងសិស្សានុសិស្ស ហើយការសិក្សាតាមប្រព័ន្ធឌីជីថល ក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមរំលឹកថា គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រគល់-ទទួលជំនួយមនុស្សធម៌ ដែលរួមមាន ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ៣លើក រួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៦៥លានដុល្លារអាមេរិក។ នៅត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានផ្តល់ជំនួយមនុស្សធម៌មកព្រឹទ្ធសភាកម្ពុជា បានចំនួន ២២លើក ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៣,៣២៨,៨៣៩.២៣ដុល្លារអាមេរិក ។
ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និងបែងចែកទៅតាមបណ្តា រាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យបានកាន់ប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល។
បន្ទាប់ពីប្រគល់អំណោយមនុស្សធម៌ដល់រដ្ឋបាលខេត្តសៀមរាប គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភាបានអញ្ជើញចូលទស្សនា សួនសត្វ Angkor Wildlife & Aquarium ដែលជាសក្តានុពលទេសចរណ៍ថ្មី ក្រៅពីប្រាង្គប្រសាទបុរាណរបស់ខេត្តសៀមរាប៕

























