ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃ៥១វត្ត នៅទូទាំងស្រុកព្រះស្តេច ដើម្បីចូលរួមថែរក្សាប្រពៃណីខ្មែរ
27-07-2026 17:13
(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកស្រី សាយ សុផា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ៥១វត្ត ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។ ពិធីប្រកបដោយសទ្ធាជ្រះថ្លានេះ ធ្វើឡើងនៅវត្តសិរីសារពេជ្ញ (តាគោក) ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរកងទ័ព ដែលបានពលីក្នុងការការពារបូរណភាពទឹកដី។
ការប្រគេនទៀនព្រះវស្សានេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់លោក ហ៊ឺ បាវី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ ក្នុងការចូលរួមថែរក្សាប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសពិធីបុណ្យចូលព្រះវស្សា ដែលខ្មែរយើងបានប្រារព្ធធ្វើតាំងពីបុរាណកាលមក មិនដែលអាក់ខានឡើយ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងមន្ត្រីសង្ឃតាមបណ្តាវត្តទាំង៥១ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ព្រះធម្មវង្សា ជា វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្តព្រៃវែង និងជាព្រះចៅអធិការវត្តសិរីសារពេជ្ញ បានមានថេរដីកាថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលព្រះវស្សា ពុទ្ធបរិស័ទខ្មែរតែងតែនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ទេយ្យទាន បច្ច័យ និងស្បៀងអាហារ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ដើម្បីទំនុកបម្រុងជាចង្ហាន់ សម្រាប់ព្រះសង្ឃដែលកំពុងខិតខំសិក្សារៀនសូត្រ ទាំងពុទ្ធចក្រ និងអាណាចក្រ។ នេះក៏ដោយសារតែក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យព្រះសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន ក្រៅពីការគង់នៅក្នុងវត្តរៀនសូត្រតែប៉ុណ្ណោះ។
សូមជម្រាបថា ពិធីបុណ្យចូលព្រះវស្សាតាមទំនៀមទម្លាប់ប្រពៃណី បានប្រារព្ធឡើងក្នុងរយៈពេល៣ខែ ដោយឆ្នាំនេះ គឺចាប់ពីថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃចេញព្រះវស្សា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានបើកទូលាយនូវរាល់សិទ្ធិសេរីភាព និងជំនឿសាសនា ឱ្យមានការគោរពពេញលេញទៅតាមជំនឿរៀងៗខ្លួន ដោយគ្មានការហាមឃាត់ឡើយ៕


































































