ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងខិតខំប្រឹងប្រែងពង្រឹងខ្លួន ដោយមិនពឹងផ្អែកទៅលើអត្រាពន្ធអនុគ្រោះពីប្រទេសដទៃតែមួយមុខនោះទេ (Video inside)
27-07-2026 17:39
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងបញ្ជាក់ថា កម្ពុជាមិនបានពឹងផ្អែកតែទៅលើការអនុពន្ធពីប្រទេសដទៃតែមួយមុខ ដើម្បីឱ្យប្រទេសជាតិភាពរីកចម្រើននោះទេ គឺកម្ពុជាបានខិតខំគិតគូរ និងប្រឹងប្រែងដោយខ្លួនឯង ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតឱ្យបានទាប រួមទាំងការកែរទម្រង់គ្រប់បែបយ៉ាង ដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសទាំងអស់ នៅក្នុងពិភពលោកបាន។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដឹកនាំសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» ដែលបានរៀបចំធ្វើនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «យើងកំពុងតែខិតខំប្រឹងប្រែងដោយខ្លួនយើង កុំពឹងផ្អែកទៅលើតែអត្រាអនុគ្រោះពន្ធមួយគត់ ត្រូវពឹងផ្អែកលើខ្លួនយើង ក្នុងការកាត់បន្ថយតម្លៃផលិតនៅកម្ពុជាយើងឱ្យបានទាប ទើបយើងអាចប្រកួតប្រជែងជាមួយគេបាន កុំពឹងផ្អែកទៅលើពន្ធអនុគ្រោះពីប្រទេសនេះ ប្រទេសនោះ ត្រូវពឹងផ្អែកយើងខ្លួងយើង»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា អនាគតជាតិយើង គឺខ្លួនយើងត្រូវតែខិតខំសម្រេច ធ្វើយ៉ាងណាកែទម្រង់គ្រប់បែបយ៉ាងអស់ ដើម្បីឱ្យប្រទេសកម្ពុជា អាចធ្វើការប្រកួតប្រជែងជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកបាន ហើយបើយើងមិនខិតខំកែប្រែដោយខ្លួនឯងនោះទេ នៅពឹងផ្អែកតែលើការអនុគ្រោះពន្ធនោះ នៅពេលណាមួយអត្រាពន្ធនេះនឹងបាត់ទៀតហើយ ដូចនេះ គឺយើងមិនរង់ចាំនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា យើងមិនមែនចាំទាល់តែគេលែងអនុគ្រោះពន្ធ ទើបយើងចាប់ផ្តើមគិតគួរនោះទេ គឺយើងបានគិតគួរតាំងពីឥឡូវនេះទៅហើយ រាប់ទាំងការកែនីតិវិធីកុំឱ្យមានភាពស្មុគស្មាញ ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកឱ្យបានចុះថោក ធ្វើការងារប្រកបដោយគុណភាព ពង្រឹងជំនាញបន្ថែមទៀតឱ្យបានខ្លាំង, កែប្រែពីការកាត់ដេរសម្លៀកបំពាក់ ទៅជាវិស័យឧស្សាហកម្មអេឡិចត្រូនិក ការកែច្នៃម្ហូបអាហារ ដែលកត្តាទាំងនេះនឹងធ្វើឱ្យប្រទេសកម្ពុជារីកចម្រើនបាន និងឈានទៅសម្រេចគោលដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាផងដែរ៕


















