សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សម្របសម្រួលដល់និស្សិត WiDcy ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុនកែច្នៃ សំបុកត្រចៀកកាំរបស់អ្នកវិនិយោគចិននៅកម្ពុជា
27-07-2026 17:44
(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន គណៈគ្រប់គ្រង និងនិស្សិតវិទ្យាស្ថាន WiDcy សរុបចំនួន៥៥រូបបានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅ ក្រុមហ៊ុនកែច្នៃសំបុកត្រចៀកកាំ Cambodian Promising Thriving Bird's Net ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់អំពីដំណើរការផលិត ការគ្រប់គ្រងគុណភាព ការអនុវត្តស្តង់ដារអនាម័យ និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកែច្នៃសំបុកត្រចៀកកាំ។
ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង បង្កើនការយល់ដឹងរបស់និស្សិត អំពីឧស្សាហកម្មកែច្នៃសំបុកត្រចៀកកាំ និងលើកកម្ពស់សមត្ថភាពរបស់យុវជនឱ្យឆ្លើយតបនឹង តម្រូវការនៃទីផ្សារការងារនាពេលអនាគត។
ក្នុងឱកាសនោះ លោក Feng Yanming អគ្គនាយក ក្រុមហ៊ុនកែច្នៃសំបុកត្រចៀកកាំ Cambodian Promising Thriving Bird's Net បានទទួលស្វាគមន៍គណៈប្រតិភូនិស្សិតយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញអំពីប្រវត្តិ នៃការបង្កើតក្រុមហ៊ុន ចក្ខុវិស័យ បេសកកម្ម សកម្មភាពអាជីវកម្ម និងសក្តានុពលនៃឧស្សាហកម្មសំបុកត្រចៀកកាំនៅកម្ពុជា។ ក្រុមហ៊ុនក៏បានចែករំលែកបទពិសោធន៍ក្នុងការអនុវត្តស្តង់ដារផលិតកម្ម ការគ្រប់គ្រងគុណភាព និងការពង្រីកទីផ្សារទាំងក្នុងស្រុក និង ទាំងត្រៀមនាំចេញទៅក្នុងលេីទីផ្សារអន្តរជាតិ ។
បន្ទាប់ពីបទបង្ហាញ និស្សិតបានចុះទស្សនាផ្ទាល់នៅតាមខ្សែសង្វាក់ផលិតកម្ម ដោយសិក្សាអំពីការទទួល និងជ្រើសរើសវត្ថុធាតុដើម ការសម្អាត និងកែច្នៃសំបុកត្រចៀកកាំ ការត្រួតពិនិត្យគុណភាព ការអនុវត្តស្តង់ដារអនាម័យ និងសុវត្ថិភាពស្បៀងអាហារ ព្រមទាំងការវេចខ្ចប់ និងការរៀបចំផលិតផលសម្រាប់ទីផ្សារ។
អ្នកជំនាញរបស់ក្រុមហ៊ុនបានចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីការគ្រប់គ្រងសហគ្រាស ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផលិត ការបង្កើតតម្លៃបន្ថែមលើផលិតផល និងឱកាសការងារក្នុងវិស័យកែច្នៃសំបុកត្រចៀកកាំ។ និស្សិតបានចូលរួមសួរសំណួរ និងផ្លាស់ប្តូរយោបល់យ៉ាងសកម្ម ដែលបានបង្កើនការយល់ដឹង និងទស្សនវិស័យអំពីការអភិវឌ្ឍអាជីព និងសហគ្រិនភាព។
លោក រៃ គិមហ៊ាន់ នាយកវិទ្យាស្ថាន WiDcy បានមានប្រសាសន៍ថា៖ «កម្មវិធីទស្សនកិច្ចនេះផ្តោតលើការបណ្តុះបណ្តាល ធនធានមនុស្សដែលមានទាំងចំណេះដឹង ទាំងជំនាញអនុវត្ត និងសមត្ថភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់វិស័យឧស្សាហកម្ម។ ទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតក្នុងការរៀនពីបទពិសោធន៍ផ្ទាល់ ស្វែងយល់ពីបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងផលិតកម្ម និងការអភិវឌ្ឍអាជីវកម្ម ដែលជាមូលដ្ឋានសំខាន់ សម្រាប់ការកសាងអាជីពនាពេលអនាគត។»
លោកនាយក បានបន្ថែមថា វិទ្យាស្ថាន WiDcy នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាស និងវិស័យឯកជន ដើម្បីបង្កើនឱកាសសិក្សាបែបអនុវត្ត ការស្រាវជ្រាវ និងការបណ្តុះបណ្តាលជំនាញ ដែលជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់កម្ពុជា។
ជាលទ្ធផល និស្សិតបានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីដំណើរការផលិត ការគ្រប់គ្រងសហគ្រាស ការធានាគុណភាព និងការបង្កើតតម្លៃបន្ថែមលើផលិតផល។ ទស្សនកិច្ចនេះក៏បានជំរុញស្មារតីសហគ្រិនភាព ការគិតបែបច្នៃប្រឌិត និងការត្រៀមខ្លួនរបស់និស្សិតសម្រាប់ការងារ និងការបង្កើតអាជីវកម្មនាពេលអនាគត។
ទស្សនកិច្ចសិក្សាបានបញ្ចប់ដោយជោគជ័យ និងសម្រេចបានតាមគោលបំណងដែលបានកំណត់។ សកម្មភាពនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានWiDcy ក្នុងការលើកកម្ពស់ការអប់រំបែបអនុវត្ត និងការកសាង ភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍយុវជនកម្ពុជាឱ្យក្លាយជាធនធានមនុស្សដែលមានគុណភាព សមត្ថភាព និងភាពប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន













