នាយឧត្តមសេនីយ សឹង សំណាង អញ្ជើញដង្ហែរទានព្រះវស្សា និងប្រគេនទេយ្យទាននៅខេត្តសៀមរាប ព្រមទាំងចែកអំណោយដល់ពលរដ្ឋ

27-07-2026 17:57

(សៀមរាប)៖ នាយឧត្តមសេនីយ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដង្ហែរទានព្រះវស្សា ដែលជាគំនិតផ្តួចផ្តើមដោយលោកឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង និងជានាយសេនាធិការ។

ពិធីនេះក៏មានការចូលរួមពីនាយទាហាន អាជ្ញាធរដែនដី និងពុទ្ធបរិស័ទជាច្រើននាក់ ដោយបាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តឈូកត្រសាលរស្មីមានជ័យ ហៅវត្តឈូក ស្ថិតនៅភូមិបុស្ស ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងថា ការប្រគេនទៀនវស្សា និងទេយ្យទាន គឺជាប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរបានប្រតិបត្តិបន្តពីដូនតាមក។ ទន្ទឹមនឹងនេះ ក៏ជាការចូលរួមគាំទ្រដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងរួមចំណែកថែរក្សា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យស្ថិតស្ថេរគង់វង្ស។

នាយឧត្តមសេនីយ សឹង សំណាង ក៏បានក្រើនរំលឹកដល់អាជ្ញាធរដែនដីឱ្យខិតខំបំពេញការងារជូនប្រជាពលរដ្ឋ និងបំពេញតួនាទីជាអ្នកបម្រើរាស្ត្រឱ្យកាន់តែប្រសើរឡើង។

មួយវិញទៀត តាមរយៈក្រុមការងាររាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ក៏បានចែក និងផ្តល់ជូនអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនក្រុមគ្រួសារដែលបានបាត់បង់ផ្ទះសម្បែងដោយសារគ្រោះអគ្គិភ័យចំនួនមួយគ្រួសារ។

បន្ទាប់មក នាយឧត្តមសេនីយ៍ អមដំណើរជាមួយនាយទាហាន និងភរិយា បានអញ្ជើញចែកអំណោយជាសារ៉ុងពុម្ព និងថវិកា ជូនតាយាយជាពុទ្ធបរិស័ទចំនួន ១៥៣ នាក់ ថែមទៀតផង។ សកម្មភាពទាំងនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសេចក្តីជ្រះថ្លា ដើម្បីចូលរួមគាំទ្រដល់វិស័យព្រះពុទ្ធសាសនា និងទ្រទ្រង់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ស្របតាមប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ៕