បណ្ឌិត ចន ណារិទ្ធ ជំរុញសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំទំនប់ធំ ឱ្យក្លាយជាសមាជិកមានគុណភាព
27-07-2026 18:17
(កណ្តាល)៖ លោកបណ្ឌិត ចន ណារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២២១នាក់ នៃគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិតបានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងលោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត អនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ។
លោកបណ្ឌិត ចន ណារិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារ ដែលបានរៀបចំផែនការសម្រាប់យុវជនគណបក្សប្រកបដោយរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចច្បាស់លាស់ ធ្វើឱ្យសមាជិកគណបក្សចូលរួមយ៉ាងសកម្ម បង្ហាញពីភាពខ្លាំងរបស់យុវជន។
លោកបណ្ឌិត ចន ណារិទ្ធ បានជំរុញលើកទឹកចិត្តឱ្យសមាជិកថ្មីទាំង ២២១នាក់ ត្រូវតែជាសមាជិកដែលមានគុណភាព ពោលគឺសមាជិកម្នាក់ផ្តល់សំឡេងឆ្នោតបានការ ១សន្លឹក ជូនគណបក្សប្រជាជន នៅរៀងរាល់ការបោះឆ្នោត។
បន្ថែមពីនេះ លោកបណ្ឌិតក៏បានណែនាំឱ្យសមាជិកគណបក្សទាំងអស់ ត្រូវគិតគូរអនុវត្តការងារមួយចំនួនរួមមាន ការការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ការបន្តចុះមូលដ្ឋានក្តាប់សភាពការណ៍ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ការផ្សព្វផ្សាយពីឧបាយកលក្រុមជ្រុលនិយម ការពង្រឹងសមត្ថភាព និងការអប់រំយុវជន កុមារ ព្រមទាំងការពង្រឹងផ្ទៃក្នុង និងការគាំទ្របក្ស ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ លោកបណ្ឌិត ចន ណារិទ្ធ ក៏បាននាំយកថវិការបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសមាជិកគណបក្សដែលបានចូលរួមផងដែរ៕












































