សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដឹកនាំសហការី នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង (Video inside)
27-07-2026 21:04
(ភ្នំពេញ)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបន្តចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ដឹកនាំសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដែលគឺជាទីអារាមមួយស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តគល់ទទឹង គឺក្នុងឳកាសចូលព្រះវស្សា ដែលតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងធ្លាក់ជោគជាំ ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។
ដូច្នេះឱកាសនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី និងសហការី នាំយកនូវទេយ្យវត្ថុមកប្រគេនព្រះសង្ឃរួមមាន៖ ទៀនព្រះវស្សា ១គូ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ២កេស, ត្រីខ ២កេស, កាកាវ ២កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេសធំ, មី ១កេសធំ, ប្រេង ១កាន, សាច់ក្រក ១កន្ត្រកធំ, ត្រីងៀត ១កន្ត្រកធំ, អង្ករ ៣តោន និងបច្ច័យ ១០លានរៀល។ វេរប្រគេន សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ប្រគេន ត្រៃចីវរ ១ និងបច្ច័យ ២លានរៀល, ព្រះសង្ឃគង់អម ៤អង្គ ក្នុង១អង្គៗ ប្រគេន ត្រៃចីវរ ១ និងបច្ច័យ ១លានរៀល។ ដោយឡែក បានជូនយាយជីតាជី ២៥នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាតស១ដុំ និងថវិកា ២ម៉ឺនរៀល។
ក្នុងឱកាសនោះសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព តំណាងឲ្យព្រះសង្ឃគង់នៅវត្ដគល់ទទឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ដ និងបេះដូងមនុស្សធម៌ដ៏មហាធំធេងគ្មានអ្វីអាចផ្ទឹមបានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលតែងតែផ្ដល់នូវការគិតគូរមិនរំលងនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺតែងបានជួយផ្ដល់នូវការមេត្ដា ករុណា អាណិត ស្រលាញ់ និងជួយយកអាសារដល់ប្រជាជនកូនចៅប្រុសស្រីគ្រប់រូប ដែលជួបទុក្ខលំបាក ពិសេសជនងាយរងគ្រោះបំផុត។ សម្រាប់នៅក្នុងវិស័យព្រះពុទ្ធសាសនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាក្រៃលែង ក្នុងការជួយទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យរុងរឿងរីកចម្រើន ជាពិសេសជាកុលធីតា បន្តអាយុព្រះពុទ្ធសាសនាបន្តទៅទៀត ហើយជាគំរូដ៏ប្រសើរដល់ថ្នាក់ដឹកនាំ សហការី កូនចៅប្រុសស្រី ដើរតាមគន្លងគំរូដែលជាអ្នកជ្រះថ្លានឹងព្រះពុទ្ធសាសនា។
នាឱកាសដ៏វិសេសវិសាលនេះ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យដែលបានធ្វើនាពេលនេះ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព និងព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តអារាម សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក៕



















































