* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បេសកកម្មជិះកង់ឆ្លងទ្វីប របស់ ទីវ តារារិទ្ធ មិនត្រឹមចូលរួមជួយសង្គ្រោះជីវិត និងផ្តល់ស្នាមញញឹមដល់កុមារកម្ពុជាទេ តែនាំយកទង់ជាតិកម្ពុជា និងឈ្មោះកម្ពុជា បង្ហាញនៅលើឆាកអន្តរជាតិ

28-07-2026 09:33

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» របស់លោក ទីវ តារារិទ្ធ មិនមែនត្រឹមតែជាការសាកល្បងសមត្ថភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្មដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបាននាំយកទង់ជាតិកម្ពុជា ឈ្មោះកម្ពុជា និងស្មារតីរបស់ប្រជាជនកម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ ព្រមទាំងចូលរួមជួយសង្គ្រោះជីវិតកុមារកម្ពុជា។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មដ៏ជោគជ័យជិះកង់ឆ្លងប្រទេស និងទ្វីបរបស់លោក ទីវ តារារិទ្ធ ដែលបានរៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះលោក ទីវ តារារិទ្ធ ដែលបានបង្ហាញនូវឆន្ទៈដ៏មោះមុត ភាពអត់ធ្មត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មដ៏លំបាកនេះរហូតទទួលបានជោគជ័យ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា រាល់គីឡូម៉ែត្រដែលលោក ទីវ តារារិទ្ធ បានជិះ រាល់ឧបសគ្គដែលបានឆ្លងកាត់ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាមានឆន្ទៈ មានសមត្ថភាព និងអាចសម្រេចបាននូវកិច្ចការដ៏ធំធេង ប្រសិនបើមានគោលដៅច្បាស់លាស់ និងការប្តេជ្ញាចិត្តមិនរាថយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា អ្វីដែលកាន់តែមានតម្លៃនោះ គឺលោក ទីវ តារារិទ្ធ មិនបានធ្វើដំណើរនេះដើម្បីកិត្តិនាមផ្ទាល់ខ្លួនតែមួយមុខឡើយ។ លោកបានភ្ជាប់បេសកកម្មកីឡា និងការផ្សព្វផ្សាយជាតិ ជាមួយនឹងបុព្វហេតុមនុស្សធម៌ដ៏ឧត្តុង្គឧត្តម គឺការកៀរគរថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជន ដើម្បីជួយដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជារាប់ម៉ឺន រាប់សែននាក់។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការជួយដល់កុមារ គឺជាការជួយដល់អនាគតរបស់ជាតិ ហើយរាល់ការបរិច្ចាគ គឺជាក្តីសង្ឃឹម និងឱកាសនៃការរស់រានមានជីវិតសម្រាប់កុមារ។

ក្រសួងព័ត៌មានបានចូលរួមគាំទ្របេសកកម្មនេះ ដោយជឿជាក់ថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីបង្កើតតម្លៃវិជ្ជមាន ជំរុញសាមគ្គីភាពសង្គម លើកកម្ពស់ស្មារតីមនុស្សធម៌ និងផ្សព្វផ្សាយគំរូល្អៗ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិ អ្នកផលិតមាតិកាឌីជីថល បណ្តាញទំនាក់ទំនងសង្គម និងសាធារណជនទាំងអស់ ចូលរួមផ្សព្វផ្សាយបេសកកម្មនេះឱ្យបានទូលំទូលាយ ដើម្បីឱ្យស្មារតីនៃការលះបង់ និងការចែករំលែកនេះបានទៅដល់ប្រជាពលរដ្ឋកាន់តែច្រើន។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ បន្តចូលរួមបរិច្ចាគ និងគាំទ្រដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តជួយសង្គ្រោះជីវិត និងផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕