នៅពាក់កណ្តាលឆ្នាំ២០២៧ នាវាដឹកនាំទំនិញធំៗ អាចដឹកទំនិញត្រង់ចូលចតនៅកំពង់ផែព្រះសីហនុ ដោយមិនបាច់ផ្ទេរទំនិញនៅប្រទេសទី៣ ខណៈតម្លៃចុះ ២០០ដុល្លារក្នុង ១ទូរកុងតឺន័រ (Video inside)
28-07-2026 11:31
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៧ នាវាដឹកនាំទិនិញធំៗ អាចដឹកទំនិញត្រង់ចូលចតនៅកំពង់ផែព្រះសីហនុ ដោយមិនបាច់ផ្ទេរទំនិញនៅប្រទេសទី៣ ខណៈតម្លៃចុះ ២០០ដុល្លារក្នុង ១ទូរកុងតឺន័រ ដែលនេះជាអ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសដឹកនាំសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជា ទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាមេរិក» ដែលបានរៀបចំធ្វើនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទុនច្រើនណាស់ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន, ទាក់ទាញគម្រោងវិនិយោគដាក់ទុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ, បានបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន, យើងកំពុងតែពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤ម៉ែត្រកន្លះ ដែលអនុញ្ញាតឲ្យនាវាប្រហែលជា ៩៣% ដែលធ្វើដំណើរនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ អាចចូលចតនៅកំពង់ផែយើងបាន។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា «សព្វថ្ងៃនេះមានតែនាវា ១៨%ទេ ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប៉ុន្តែពេលយើងធ្វើកំពង់ផែទឹកជ្រៅចប់ នៅប្រហែលជាឆ្នាំ២០២៧ ខាងមុខនេះអាចខែ ៤ ខែ ៥ អាចធ្វើចប់ នោះនាវា ៩៣% អាចចូលចតនៅកំពង់ផែក្រុងព្រះសីហនុបាន ហើយតម្លៃនឹងចុះ ២០០ដុល្លារក្នុងមួយទូ ដោយសារយើងដឹកទំនិញត្រង់តែម្ដង ដោយមិនបាច់ផ្ទេរនៅប្រទេសទី៣ នេះជាអ្វីៗដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ»។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២។
នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។
បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័របានតែ ១៥០០ប៉ុណ្ណោះ៕


















