ការប្រឡងសូត្រគម្ពីរអាល់គួរអាន និងចំណេះដឹងឥស្លាម លើកទី១ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានបិទបញ្ចប់
28-07-2026 12:07
(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «ការប្រឡងសូត្រគម្ពីរអាល់គួរអានទន្ទេញចាំមាត់ និងចំណេះដឹងឥស្លាមលើកទី១ ប្រចាំឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅវិហារឥស្លាមណូរូស្សាឡាម ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កម្មវិធីនេះ មានបេក្ខជនចូលរួមប្រឡងចំនួន១៥០នាក់ ក្នុងនោះ ស្រី៤០នាក់ មកពីសាលារៀនចំនួន២២កន្លែង នៃ៧រាជធានី ខេត្ត។ ការប្រឡងនេះ គោលបំណងលើកកម្ពស់ការសិក្សាគម្ពីរអាល់គួរអាន ការអប់រំសីលធម៌ សុជីវធម៌ និងពង្រឹងការយល់ដឹងអំពីគោលការណ៍សាសនាឥស្លាម ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អ និងចូលរួមអភិវឌ្ឍសង្គមប្រកបដោយសុខដុមរមនា និងលើកទឹកចិត្តដល់សិស្សានុសិស្សឥស្លាម ឱ្យខិតខំសិក្សា ទន្ទេញគម្ពីរអាល់គួរអាន និងបង្កើនចំណេះដឹងផ្នែកសាសនា និងការប្រមូលផ្តុំសាមគ្គីក្នុងសហគមន៍។
នៅក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើរ ធ្វើឱ្យកម្មវិធីប្រឡងនេះ ដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបើកទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញជូនដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការប្រតិបត្តិសាសនាដោយគ្មានការរើសអើង។ កត្តានេះហើយដែលបង្កើតបានជានិរន្តរភាពនៃ «សុខដុមរមនីយកម្មជាតិសាសន៍ និងសាសនា» នៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យបងប្អូនសាសនិកឥស្លាម និងបងប្អូនខ្មែរទូទៅអាចរស់នៅជាមួយគ្នាដោយសន្តិវិធី សាមគ្គីភាព និងការរាប់អានគ្នាទៅវិញទៅមក។
ជាពិសេស នៅក្នុងសម័យកាលឌីជីថលនេះ ឯកឧត្តមក៏បានអំពាវនាវ និងក្រើនរំលឹកដល់យុវជន ព្រមទាំងសិស្សានុសិស្សទាំងអស់ ឱ្យជៀសវាងដាច់ខាតនូវការទាស់ទែង ឬជជែកវែកញែកគ្នា តាមបណ្តាញសង្គមពាក់ព័ន្ធនឹងការបកស្រាយអំពី ច្បាប់សាសនាឥស្លាម។
លោកសូមឱ្យសិស្សានុសិស្សបន្តខិតខំសិក្សាទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសាសនា ប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ វិន័យ និងចូលរួមថែរក្សាសន្តិភាព សាមគ្គីភាព និងភាពសុខដុមរមនាក្នុងសង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕




