មេក្រុមហ៊ុនមីនីបៀ អះអាងថា ទោះមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ តែមិនប៉ះពាល់ដល់ច្រវាក់ផលិតកម្ម និងការដឹកជញ្ជូនរបស់ក្រុមហ៊ុន
28-07-2026 13:27
(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន Minebea Mitsumi Co., Ltd បានឱ្យដឹងថា បើទោះបីមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ តែមិនប៉ះពាល់ដល់ច្រវាក់ផលិតកម្ម និងការដឹកជញ្ជូនរបស់ក្រុមហ៊ុននោះទេ។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានថ្លែងថា ក្នុងជំនួបនេះលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា បានរម្លឹកថា ជំនួបចុងក្រោយរបស់លោកជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះ មិនទាន់មានការផ្ទុះឡើង នៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃនោះទេ លោកបានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយជម្លោះព្រំដែនកម្ពុជា និងថៃ វាបានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុន Minebea នោះទេ។
លោក ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា ព្រមទាំងសហការី។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុនមីនេបៀ នៅកម្ពុជា។ សម្ដេចតេជោ ក៏បានសម្ដែងការពេញចិត្តនៅពេលដែលឃើញក្រុមហ៊ុន Minebea បានពង្រីកនូវការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះប្រធានក្រុមហ៊ុន Minebea បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបនៅក្នុងឱកាសនេះ។
អគ្គនាយកក្រុមហ៊ុនមីនីបៀ នៅតែបន្តភាពរឹងមាំនៅក្នុងប្រទេសកម្ពុជា ក្នុងការថែរក្សាអ្នកវិឌិយោគ។
មេក្រុមហ៊ុនមីនីបៀ ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ដែលមកដល់ពេលនេះ លោកបានលើកឡើងថា ក្រុមហ៊ុនមីនីបៀ បានបើករោងចក្រពីរកន្លែងហើយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនអ្នកផងដែរ។
លោកបានបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់ក្រុមហ៊ុនកំពុងតែបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ ប្រធានក្រុមហ៊ុនបានលើកឡើងថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត ហើយលោកគ្មានការបារម្ភអ្វីនោះឡើយ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះរបាយការណ៍ដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទៀតថា ទោះបីជាប្រទេសកម្ពុជាជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ ឬប្រតិបត្តិការនៃក្រុមហ៊ុននោះឡើយ។ សម្ដេចរីករាយពេលដែលឃើញវឌ្ឍនភាពនៃក្រុមហ៊ុនមានការរីកចម្រើន ដែលបង្ហាញពីភាពធុនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនបានឱ្យក្រុមហ៊ុនជួបនូវផលប៉ះពាល់ឡើយ។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយនៅពេលដែលក្រុមហ៊ុនចង់ពង្រីកលទ្ធភាព នៃការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានរំលេចបន្ថែមទៀតដោយបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនថា សូមបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក ប្រធានក្រុមហ៊ុនបានធ្វើការជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចកាលនៅជានាយករដ្ឋមន្ត្រី និងបន្តមកដល់រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ា ណែត ដែលនឹងធ្វើឱ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕











