រដ្ឋបាលខេត្តព្រៃវែង បើកវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា ដែលធ្វើសកម្មភាពក្នុងខេត្តព្រៃវែង
28-07-2026 14:19
(ព្រៃវែង)៖ ដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍខេត្ត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង បានដឹកនាំ បើកវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា ដែលកំពុងធ្វើសកម្មភាពក្នុងខេត្តព្រៃវែង។
វេទិកានេះបានរៀបធ្វើឡើងនៅសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងថា វេទិកាដ៏មានសារៈសំខាន់នេះប្រារព្ធឡើងក្នុងគោលបំណងបើកចំហកិច្ចសន្ទនា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ព្រមទាំងកំណត់ទិសដៅការងារអភិវឌ្ឍន៍រួមគ្នាបន្ថែមទៀតរវាងអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់។
លោកអភិបាលរងខេត្តបានបន្តថា វេទិកាបានកត់សម្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់សមាគម អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងសហគមន៍មូលដ្ឋាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តបង្កលក្ខណៈងាយស្រួល និងពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត ធានាឱ្យរាល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ តំណាងអង្គការ សមាគម និងសហគមន៍នានា បានលើកឡើងពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមជាក់ស្ដែងនៅតាមមូលដ្ឋាន ដែលទាមទារឱ្យមានការគាំទ្រ និងអន្តរាគមន៍ពីសំណាក់រដ្ឋបាលខេត្តផងដែរ។
សូមបញ្ជាក់ថា បើតាមរបាយណ៍បានអោយដឹងថា បច្ចុប្បន្នភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ផ្សេងៗ ឆ្នាំ២០២៥ មាន អង្គការមិនមែនរដ្ឋាភិបាលមានចំនួន៥០អង្គការ)-សមាគម មាន១០ -សហគម៍ មានចំនួន ៥៦ -សហជីព មានចំនួន ៨៕



















