លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ចំនួន១១ និងបូជនីយដ្ឋានចំនួន២ នៅខេត្តពោធិ៍សាត់
28-07-2026 14:23
(ពោធិ៍សាត់)៖ ជាពុទ្ធសាសនិកប្រកបដោយសទ្ធាជ្រះថ្លា លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង តែងតែគោរពប្រណិប័តន៍ និងចូលរួមបំពេញបុណ្យរាល់កម្មវិធីរបស់ព្រះពុទ្ធសាសនា។ ក្នុងនោះក្នុងពិធីបុណ្យចូលព្រះវស្សាដែលជាពុទ្ធប្បវេណីរបស់ខ្មែរ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង តែងប្រគេនទៀនព្រះវស្សា និងទេយ្យទានតាមទីអារាមនានា។
នៅឆ្នាំនេះពិធីបុណ្យចូលព្រះវស្សា នឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះតទៅ។ ក្នុងកំឡុងពិធីបុណ្យដែលមានរយៈពេល ៣ខែនេះ ព្រះសង្ឃមិននិមន្តចាកចេញពីវត្តអារាម ដើម្បីនិមន្តបិណ្ឌបាត្រដូចពេលធម្មតាបាននោះទេ។ ព្រះសង្ឃត្រូវគង់ក្នុងបរិវេណវត្តអារាម ទោះជាយ៉ាងណាក៏ដោយ ព្រះសង្ឃអាចទទួលយកការនិមន្តរបស់អ្នកកាន់សាសនា និងនិមន្តចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។
ក្នុងកំលុងពេលនេះ អ្នកកាន់ព្រះពុទ្ធសាសនានឹងប្រគេនទៀនព្រះវស្សា ជាទៀនធំ ដែលត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ព្រមទាំងប្រេង ស្បង់ចីពរ និងគ្រឿងឧបភោគបរិភោគផ្សេងៗដល់ព្រះសង្ឃ។
ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលនឹងត្រូវគង់ចាំព្រះវស្សានាពេលខាងមុខនេះ ក្នុងនាមជាពុទ្ធសាសនិក នាព្រឹកថ្ងៃចន្ទ និងថ្ងៃអង្គារ ១៣-១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចាត់លោក ឃៀង សុជីវ័ន្ត អគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប នាំយកទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១១វត្ត និងបូជនីយដ្ឋានចំនួន២ ក្នុងក្រុងពោធិ៍សាត់ ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
វត្ត និងបូជនីយដ្ឋាន ដែលបានប្រគេនទៀនព្រះវស្សា និងទេយ្យទាននោះ រួមមាន៖ វត្តហ្លួង, វត្តសិរីគង្គារសេដ្ឋារាម, វត្តគិរីវង្គត់ឥសីសិទ្ធិ, វត្តគិរីបទុមពរ, វត្តរស្មីសីលារតនារាម, វត្តគិរីបុទុមសីលារតនារាម, វត្តកែវជុំវត្តគិរីបទុមពិសី,វត្តព្រះពុទ្ធប្រោសសត្វ, វត្តគិរីខណ្ឌសីមាវង្សាសែនជ័យ,វត្តលម្ពីនីវិសាលវ័នណារាម, បូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងបូជនីយដ្ឋានលោកតាគ្រី។
ទេយ្យទាន និងបច្ច័យដែលបានប្រគេនជូនក្នុងវត្តនីមួយៗរួមមាន៖ បច្ច័យទ្រទ្រង់ចង្ហាន់ព្រះសង្ឃចំនួន ១.០០០.០០០រៀល, បច្ច័យបួនចំនួន ៥០០.០០០ រៀល, អាចារ្យចំនួន ១៨នាក់ ម្នាក់ៗទទួលបានថវិកា ១០០.០០០រៀល, ទៀនព្រះវស្សាចំនួន ១គូ, សាដកចំនួន ១កញ្ចប់, អង្ករផ្កាម្លិះចំនួន ១០០គីឡូក្រាម, មីជាតិចំនួន ៣កេស, ទឹកដោះគោខាប់ ចំនួន ១កេសធំ, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, សាច់ជ្រូកផាត់ចំនួន ៥គីឡូក្រាម, ប្រេងឆា ចំនួន ២ ដបធំ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ និងប្រេងម៉ាស៊ូតចំនួន ៣០លីត្រ។
ក្នុងពិធីនោះ លោក ឃៀង សុជីវ័ន្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា និងលោកស្រី ព្រមទាំងសូមឧទ្ទិសនូវកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ លោកទាំងពីរជូនចំពោះបុព្វការីជន និងញាតិសន្តានទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងបួងសួងសូមឱ្យអំណាចនៃកុសលផលបុណ្យនេះ ជួយតាមបីបាច់ថែរក្សា លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រា-បុត្រី និងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន ទ្រី ភាព គ្រុប ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយករង ក៏បាននាំយកអំណោយសប្បុរសធម៌រួមមាន ទឹកក្រូច និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារភៀសសឹកចំនួន ៨គ្រួសារ ដែលកំពុងស្នាក់នៅក្នុងបរិវេណវត្តផងដែរ។
សូមបញ្ជាក់ដែរថា ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានជូនដល់វត្ត និងថ្វាយដល់បូជនីយដ្ឋាន ក្នុងខេត្តពោធិ៍សាត់ នាឱកាសនេះ លោកអ្នកឧកញ៉ាបណ្ឌិត និងភរិយា បានចំណាយថវិកាសរុបប្រមាណ ៨០.០០០.០០០រៀល៕



























