អាជ្ញាធរ ប្រកាសចាប់ផ្តើមចុះបញ្ជីដីធ្លី និងផ្ទះល្វែង ដែលសាងសង់មុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ នៅខណ្ឌ៧មករា
28-07-2026 14:32
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់រាជធានី បានសម្រេចប្រកាសកំណត់តំបន់វិនិច្ឆ័យ ចាប់ផ្តើមដំណើរការការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីផ្ទះល្វែង (ចំណែកឯកជននៃអគារសហកម្មសិទ្ធិ) ដែលត្រូវបានសាងសង់មុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ នៅក្នុងមូលដ្ឋានរដ្ឋបាលដែនដី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ជាប្រតិបត្តិករ សហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានប្រារព្ធធ្វើពិធីប្រកាស តំបន់វិនិច្ឆ័យជាផ្លូវការ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណពហុកីឡាដ្ឋានស្តាតអូឡាំពិក នាពេលកន្លងមកនេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ សូមបញ្ជាក់ជូនសាធារណៈជនឱ្យបានជ្រាបថា ក្បាលដី និងលំនៅដ្ឋានស្ទើរទាំងអស់ នៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់តាំងពីសម័យមុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ មានលក្ខណៈជាអគារ និងផ្ទះល្វែង ដែលមានម្ចាស់កម្មសិទ្ធិ កាន់កាប់ច្រើនផ្តុំគ្នាតាមជាន់នីមួយៗ នៃអគារឬផ្ទះល្វែងតែមួយ ដែលមានលក្ខណៈជាអគារសហកម្មសិទ្ធិ ហើយមានលក្ខណៈស្មុគស្មាញ ដែលតម្រូវឱ្យមានការបង្កើត ក្របខណ្ឌបច្ចេកទេស និង នីតិវិធីដាច់ដោយឡែក រួមទាំងការគាំទ្រលើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីជំនាញ ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា និងឧបករណ៍សម្ភារៈចាំបាច់នានា ដើម្បីអាចអនុវត្តដំណើរការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិករទាំងអស់ឱ្យបានសមស្រប តាមការកាន់កាប់ជាក់ស្តែង បន្ទាប់ពីការទន្ទឹងរង់ចាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌ៧មករា នាពេលកន្លងមកនេះ។
ស្របតាមទិសដៅជំរុញ «ការចុះបញ្ជីដីបង្ហើយ» ក្រុមការងារមន្ត្រីចុះបញ្ជីរបស់មន្ទីរ ដ.ន.ស.ស រាជធានីភ្នំពេញ ដែលបានកំពុងរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានគម្រោង នឹងបញ្ចប់ការវាស់វែង ប្រមូលទិន្ន័យទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០២៦ និងឈានទៅចុះបញ្ជីចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅដើមឆ្នាំ២០២៧ ខាងមុខនេះ។
សេចក្តីដូចបានប្រកាសជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ នៃអចលនវត្ថុនៅក្នុងភូមិសាស្ត្រ ខណ្ឌ៧មករា និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការឱ្យបានផុសផុល ដើម្បីឱ្យដំណើការនេះ អាចបញ្ចប់បានតាមពេលវេលាដូចដែលបានគ្រោងទុក៕















