លោក ទីវ តារារិទ្ធ ត្រៀមបន្តបេសកកម្មថ្មី ៦ខែ ជុំវិញប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ ទៅកាន់ពិភពលោក
28-07-2026 14:32
(ភ្នំពេញ)៖ លោក ទីវ តារារិទ្ធ ទូតសុឆន្ទៈទេសចរណ៍កម្ពុជា ដែលទើបតែបានបញ្ចប់បេសកកម្មជិះកង់ជុំវិញពិភពលោកដោយជោគជ័យ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ពេលនេះលោកបានប្រកាសពីគម្រោងថ្មីមួយទៀត គឺការបន្តធ្វើដំណើររយៈពេល ៦ខែ ជុំវិញប្រទេសកម្ពុជា ដើម្បីប្រូម៉ូតតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាទៅកាន់ពិភពលោក។
ការបង្ហើបពីផែនការថ្មីរបស់លោក ទីវ តារារិទ្ធ បានធ្វើឡើងក្នុងឱកាសលោកចូលរួមធ្វើជាវាគ្មិន សន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មជិះកង់ឆ្លងប្រទេស និងទ្វីប នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញ ដែលសម្របសម្រួលដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមចូលពីសំណាក់លោក អ៉ឹង វីរៈ អគ្គនាយកបន្តវេនក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។
លោក ទីវ តារារិទ្ធ បានឱ្យដឹងថា៖ «ថ្មីៗហ្នឹងខ្ញុំបានចូលប្រជុំជាមួយក្រសួងទេសចរណ៍ អំពីគម្រោងរបស់ខ្ញុំ ក្នុងការធ្វើដំណើរក្នុងប្រទេសកម្ពុជាដើម្បីពាំនាំប្រទេសកម្ពុជា ទៅអន្តរជាតិ ខ្ញុំនឹងចំណាយពេល ៦ខែ ធ្វើដំណើរពេលខ្លះជិះកង់ ពេលខ្លះជិះម៉ូតូ ខ្ញុំនឹងផ្តិតយកទេសភាពធម្មជាតិដ៏អស្ចារ្យពីតំបន់ធម្មជាតិ»។
បេសកកម្មថ្មីនេះ គឺជាការបន្តនូវស្មារតីស្នេហាជាតិ និងការប្តេជ្ញាចិត្តរបស់លោក ទីវ តារារិទ្ធ ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាតិ។ ក្នុងរយៈពេល ៦ខែខាងមុខ លោកនឹងធ្វើដំណើរទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស ដោយផ្តោតសំខាន់លើការស្វែងរក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិដូចជា ព្រៃភ្នំ ទឹកជ្រោះ បឹងទន្លេ ឆ្នេរខ្សាច់ និងតំបន់អេកូទេសចរណ៍នានា ដែលពោរពេញទៅដោយសក្តានុពល។ គោលបំណងសំខាន់គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកស្វែងយល់ពីភាពបៃតងស្រស់ត្រកាល និងភាពសម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា។
តាមរយៈបេសកកម្មនេះ លោក ទីវ តារារិទ្ធ រំពឹងថានឹងអាចជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅជុំវិញតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ តាមរយៈការបង្កើតឱកាសការងារ និងការជំរុញសេដ្ឋកិច្ចក្នុងស្រុក។
ក្រៅពីនេះ លោកក៏នឹងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ដើម្បីធានានូវនិរន្តរភាពនៃវិស័យទេសចរណ៍សម្រាប់មនុស្សជំនាន់ក្រោយ។ ការប្តេជ្ញាចិត្តរបស់លោក ទីវ តារារិទ្ធ ក្នុងការបន្តបេសកកម្មដ៏មានអត្ថន័យនេះ នឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់យុវជន និងសាធារណជនទូទៅក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ៕














