រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សកម្មភាពមនុស្សធម៌មិនត្រូវវាស់វែងត្រឹមទំហំថវិកាទេ តែត្រូវវាស់វែងដោយទំហំទឹកចិត្ត​, ទីវ តារារិទ្ធ បានប្រែក្លាយកង់ ១គ្រឿង ជាយាននៃក្តីសង្ឃឹម ទៅជាសារមនុស្សធម៌សម្រាប់កុមារកម្ពុជា

28-07-2026 14:39

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា សកម្មភាពមនុស្សធម៌មិនត្រូវបានវាស់វែងត្រឹមទំហំថវិកាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាស់វែងដោយទំហំទឹកចិត្ត និងការបរិច្ចាគតិចតួចរបស់មនុស្សជាច្រើន អាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានដឹកនាំសម្របសម្រួលសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា របស់លោក ទីវ តារារិទ្ធ ដែលរៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ បេសកកម្មជិះកង់ឆ្លង៣ទ្វីបនេះ បានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង ស្ថាប័ន អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជន ស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់បេសកកម្មនេះ តាំងពីដើមរហូតដល់ការបញ្ចប់ដោយជោគជ័យ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ ក៏បានសម្តែងការគោរព និងដឹងគុណចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិក និងក្រុមការងារទាំងអស់នៃមូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីថែរក្សា និងសង្គ្រោះជីវិតកុមារកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានកោតសរសើរជាថ្មីចំពោះលោក ទីវ តារារិទ្ធ ដែលបានប្រែក្លាយកង់មួយគ្រឿង ទៅជាយាននៃក្តីសង្ឃឹម ប្រែក្លាយដំណើរមួយ ទៅជាសារមនុស្សធម៌ និងប្រែក្លាយឆន្ទៈរបស់បុគ្គលម្នាក់ ទៅជាមោទនភាពរបស់ប្រជាជាតិមួយ។ ភាពជោគជ័យនៃបេសកកម្មនេះ បានបង្ហាញថា មនុស្សម្នាក់អាចចាប់ផ្តើមអំពើល្អមួយ ប៉ុន្តែអំពើល្អនោះអាចរីករាលដាលទៅជាចលនារបស់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដែលជាកម្លាំងនៃការចែករំលែក កម្លាំងនៃសាមគ្គីភាព និងកម្លាំងនៃសង្គមដែលមិនទុកឱ្យអ្នកណាម្នាក់តស៊ូតែម្នាក់ឯង។

ក្រសួងព័ត៌មាននឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់គំនិតផ្តួចផ្តើម សកម្មភាពសង្គម និងបេសកកម្មមនុស្សធម៌នានា ដែលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយមេត្តាធម៌ សាមគ្គីភាព និងការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រីក៏បានអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រែក្លាយភាពជោគជ័យនៃបេសកកម្មនេះ ទៅជាកម្លាំងថ្មីនៃអំពើល្អ ដោយសូមកុំឱ្យការបញ្ចប់នៃដំណើរជិះកង់ ក្លាយជាការបញ្ចប់នៃបេសកកម្មមនុស្សធម៌ ផ្ទុយទៅវិញ សូមឱ្យវាក្លាយជាចំណុចចាប់ផ្តើមនៃការចូលរួមថ្មីៗ ការបរិច្ចាគថ្មីៗ និងក្តីសង្ឃឹមថ្មីៗសម្រាប់កុមារកម្ពុជា៕