ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យតាមចាប់មនុស្សមួយក្រុមរហ័សនាម «ខ្លារបស់មេ០៧» ដោយគ្មានការលើកលែងឡើយ ក្រោយដេញទាត់ធាក់យុវជនម្នាក់រហូតប្រកាច់
28-07-2026 15:04
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់មនុស្សមួយក្រុមដែលមានរហ័សនាម «ខ្លារបស់មេ០៧» ក្រោយពួកគេបានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើយុវជន២នាក់ ក្នុងចំណោម២នាក់ ដោយបើកម៉ូតូដេញតាមទាត់ធាក់រហូតប្រកាច់។
វីដេអូនៃអំពើហិង្សានេះ ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គម អមដោយសាររិៈគន់ និងការថ្កោលទោសយ៉ាងខ្លាំង ហើយទទូចឲ្យថ្នាក់ដឹកនាំចាត់វិធានការតាមច្បាប់ដោយមិនលើកលែងនោះឡើយ ចំពោះក្រុមជនបង្ក។
ហេតុការណ៍មួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ១យប់ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះថា លោកបានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវ និងតាមចាប់ក្រុមខ្លាទាំងនេះ ទាំងមេ និងកូនខ្លា ដោយមិនលើកលែងនោះទេ ពីព្រោះជាអំពើខុសច្បាប់ទាំងស្រុង។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅវេលាម៉ោងជាង ១យប់រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែកក្កដា ជនស៉ីវិលមួយក្រុមតាំងខ្លួនជាខ្លា បានជិះម៉ូតូប្រដេញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ហូតឈានដល់ការធាក់ផ្ដួល រួមតាំងប្រើហិង្សាវាយទៅលើយុវជនម្នាក់ ក្នុងចំណោមគ្នាពីរនាក់បណ្ដាលឲ្យរងរបួសរហូតដល់ប្រកាច។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមខ្លាបានម្នាក់ តែបានដោះលែងទៅវិញ។ នៅពេលនេះ ក្រោយវីដេអូនៃអំពើហិង្សា ត្រូវបានចែកចាយ និងដឹងដល់ស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដាក់បទ បញ្ជាឲ្យតាមចាប់ក្រុមនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕









