មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ
28-07-2026 16:18
(សៀមរាប)៖ លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យក្រៅផ្លូវការ ដូចជា៖ កសិកម្ម ផលិតកម្មកាត់ដេរ កែច្នៃចំណីអាហារ និងសេវាកម្មជាដើម ដែលគ្រប់គ្រងដោយគ្រួសារ សហគ្រាសធុនតូច និងមធ្យម ដែលមិនមែនគ្រាន់តែជាអាជីវកម្មនោះទេ ប៉ុន្តែជាមុខរបរចិញ្ចឹមជីវិត។
លោកបន្តថា SME ផ្តល់ការងារសំខាន់ៗសម្រាប់យុវជននៅតាមជនបទ ស្ត្រី និងកម្មករក្រៅប្រព័ន្ធ ដែលចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាព។ នៅពេលដែលសហគ្រាសធុនតូច និងមធ្យម រីកចម្រើនជាផ្លូវការ ពួកគេទទួលបានការធានារ៉ាប់រងសុខភាព ប្រាក់សោធននិវត្តន៍ និងសម្រាកមាតុភាព ដោយបន្សល់ទុកនូវអនាគតដ៏មានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។
ការថ្លែងយ៉ាងដូច្នេះរបស់លោក គួច សុមាន នៅក្នុងពិធីបើកវេទិកាសន្ទនាសង្គម ស្ដីពីឆ្ពោះទៅការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអកុស្វាមកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
លោកក៏បានលើកទឹកចិត្តដល់បងប្អូនជាអ្នកកំពុងប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ងាកមកចាប់ឱកាសការងារក្នុងប្រព័ន្ធទាំងអស់គ្នា ព្រោះការទៅចាប់ឱកាសការងារក្នុងប្រព័ន្ធ គឺដើម្បីទទួលបាននូវអត្ថប្រយោជន៍កាន់តែប្រសើរពីរបបសន្តិសុខសង្គម (ប.ស.ស.)។
លោករដ្ឋលេខាធិការ បានជំរុញឱ្យកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមសហគ្រាស សិប្បកម្មតូចៗ ដែលមិនទាន់បានចុះបញ្ជីនៅក្រសួង គួរចុះឈ្មោះតាមថ្នាលឌីជីថល ដែលក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសម្រួលជូន ហើយប្រសិនបើចង់ចូលធ្វើការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងទៅលេខទូរស័ព្ទ Hotline របស់ក្រសួង ១២៩៧។
លោក គួច សុមាន បញ្ជាក់ថា គោលដៅរួមនាពេលនេះ គឺចង់ជួយអ្នកប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់លំបាកឱ្យក្លាយទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
លោកស្រី ភាណ សោភ័ណ បានលើកឡើងថា វេទិកាសន្ទនាសង្គមនាពេលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ គឺលើកកម្ពស់គុណភាពជីវិត និងកិច្ចការពារផ្នែកសង្គមដល់កម្មករ និងអាជីវកម្ម ដែលមិនទាន់មានប្រព័ន្ធការពារពេញលេញ។ ដៅយឡែក ចំពោះបញ្ហាប្រឈមនានា ទាក់ទងនឹងលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាព ត្រូវបានយកមកពិភាក្សាយ៉ាងលម្អិត ដោយគោលដៅចម្បង គឺការជំរុញ និងបើកផ្លូវឱ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលរួមក្នុងប្រព័ន្ធសន្តិសុខសង្គម (ប.ស.ស) បានកាន់តែទូលំទូលាយ ដែលជួយឱ្យពួកគេទទួលបានសេវាថែទាំសុខភាព និងការគាំពារហិរញ្ញវត្ថុនៅពេលជួបហានិភ័យផ្សេងៗ។
លោកស្រី បន្ថែមថា វេទិកានេះ ក៏ជាការប្រមូលធាតុចូល និងការរិះគន់ ស្ថាបនាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងកែលម្អគោលនយោបាយជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជួយឱ្យសហគ្រាសធុនតូច និងមធ្យម អាចអភិវឌ្ឍទៅមុខដោយចីរភាព។
លោក ង៉ូវ សេងកាក់ បានលើកឡើងថា ខេត្តសៀមរាបក្រៅពីជាខេត្តទេសចរណ៍ ក៏មានបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មាននៅក្នុងសហគ្រាសខ្នាតតូច និងមធ្យមជាច្រើន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។ បច្ចុប្បន្នមានបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះតាមថ្នាលឌីជីថលចំនួន ២៦ ០៣៣ នាក់ ដែលចំនួននេះ គឺចំនួនមួយដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៦ នៅក្នុងចំណោមរាជធានី ខេត្ត ទូទាំងប្រទេស។
លោកបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានប្ដេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីអនុវត្តគោលនយោបាយ និងកម្មវិធីនានាឱ្យទទួលបានលទ្ធផលជាក់ស្ដែង សំដៅលើកកម្ពស់ជីវភាព និងសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ហើយក៏សូមលើកទឹកចិត្តឱ្យបងប្អូនចូលរួមនឹងថ្នាលឌីជីថលនេះ ដើម្បីបង្កើនភាពងាយស្រួល និងការចូលរួមក្នុងប្រព័ន្ធគាំពារសង្គម ព្រោះវាជាកត្តាចាំបាច់មួយក្នុងការធានាឱ្យក្រុមបងប្អូនទាំងអស់ មានទុន និងអាចអភិវឌ្ឍ អាជីវកម្មប្រកបដោយជោគជ័យ៕




















