លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងអតីតមន្ត្រីរាជការក្រសួងព័ត៌មាន ដល់គេហដ្ឋាន

28-07-2026 16:20

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៧ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន បានអញ្ជើញចុះសួរសុខទុក្ខលោក ថាច់ ផែន រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកស្រីក៏បានបន្តចុះសួរសុខទុក្ខ លោក ភិន ដារ៉ាវុធ អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្រសួងព័ត៌មាន។

ការចុះសួរសុខទុក្ខនេះដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់។ ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញពីសាមគ្គីភាព និងចំណងមិត្តភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងសមាជិកក្នុងក្រសួងព័ត៌មាន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជូនចំពោះលោក ថាច់ ផែន ព្រមទាំងជូនពរឱ្យលោកឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងប្រទេសជាតិទាំងមូល។

ក្នុងឱកាសនោះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងជីវភាពរស់នៅរបស់និវត្តជន ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនជាតិមាតុភូមិកន្លងមក។

លោក ថាច់ ផែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រុមការងារដែលបានចំណាយពេលចុះសួរសុខទុក្ខដល់គេហដ្ឋាន។

ក្នុងឱកាសនោះ លោក ភិន ដារ៉ាវុធ បានទទួលអំណោយជាអង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ថវិកាចំនួន ២០ម៉ឺនរៀល និងរទេះរុញ ចំនួន១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី។

ជាមួយគ្នានេះ ក្រុមការងារក៏បានជម្រាបជូនអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ដើម្បីពង្រឹងទំនាក់ទំនង និងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត។

ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីកាយវិការយកចិត្តទុកដាក់ និងដឹងគុណចំពោះគុណូបការៈរបស់អតីតមន្ត្រីរាជការ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា។ នេះក៏ជាការលើកទឹកចិត្ត និងពង្រឹងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងអតីតមន្ត្រីរាជការ ក្នុងស្មារតីគ្រួសារតែមួយ៕