គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមរាប់ពាន់គ្រាប់ បន្សល់ទុកពីការឈ្លានពានរបស់យោធាថៃ នៅស្រុកបន្ទាយអំពិល កំពុងបន្តការគំរាមកំហែងដល់ពលរដ្ឋស្លូតត្រង់ (Video inside)
28-07-2026 17:22
(ឧត្តរមានជ័យ)៖ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែបន្តរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណល់គ្រាប់មិនទាន់ផ្ទុះរាប់ពាន់គ្រាប់ ដែលជាកេរដំណែលដ៏ជូរចត់ពីការឈ្លានពានរបស់យោធាថៃកាលពីពេលកន្លងទៅ។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគ្រាប់បែកចង្កោម រាយប៉ាយពាសពេញទឹកដីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរកសិកម្ម។
បើតាមលោក ខេន ដឿម អភិបាលរងស្រុកបន្ទាយអំពិល បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា នៅមានគ្រាប់មិនទាន់ផ្ទុះប្រមាណជាង ៧ពាន់គ្រាប់ រាយប៉ាយ នៅតាមទីវត្តអារាម សាលារៀន មណ្ឌលសុខភាព ភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ និងទីសាធារណៈផ្សេងៗ។
លោកអភិបាលរងស្រុក បានបន្តថា ការឈ្លានពានដោយការបាញ់ផ្លោងគ្រាប់ និងការទម្លាក់គ្រាប់ពីលើយន្តហោះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានវត្តអារាម ៣កន្លែង សាលារៀន ៦ខ្នង និងមណ្ឌលសុខភាព ៣កន្លែង នៅក្នុងស្រុកបន្ទាយអំពិល។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលនៃការឈ្លានពាននេះ ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៦៥០ខ្នងរងផលប៉ះពាល់ ក្នុងនោះជិត ១៥០ខ្នងខូចខាតទាំងស្រុង។
សកម្មភាពឈ្លានពានប្រដាប់អាវុធលើកទីមួយបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងលើកទីពីរចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយយោធាថៃបានប្រើប្រាស់កម្លាំងយោធា អាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំង F-16 និងគ្រាប់បែកចង្កោម ដែលជាប្រភេទអាវុធហាមឃាត់ដោយអន្តរជាតិ។
ការវាយប្រហារនេះបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈសំខាន់ៗជាច្រើន រួមមានប្រាសាទបុរាណ ២កន្លែង (តាក្របី និងចន្ទ) ស្ពាន ២ទីតាំង វត្តអារាម ៩កន្លែង មណ្ឌលសុខភាព ៣កន្លែង សាលារៀន ១៥ទីតាំង ប៉ុស្តិ៍រដ្ឋបាល និងច្រកទ្វារព្រំដែនជាដើម។
ក្រៅពីនេះ ទ្រព្យសម្បត្តិឯកជនដូចជា អគារសណ្ឋាគារ ស្ថានីយប្រេងឥន្ធនៈ រថយន្ត ទោចក្រយានយន្ត និងសម្ភារផ្សេងៗ ក៏រងការខូចខាតយ៉ាងដំណំផងដែរ។ ស្ថានភាពនេះនៅតែជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ការឈ្លានពានដ៏កម្រោលរបស់យោធាថៃ ទៅលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាពិសេសនៅតំបន់ប្រាសាទតាមាន់ធំ លើភ្នំដងរែក ស្រុកបន្ទាយអំពិល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ និងការបន្តឈ្លានពានលើកទី២ នៅខែធ្នូ ឆ្នាំ២០២៥ បានបន្សល់ទុកនូវវិនាសកម្មដ៏ធំធេង។ ក្នុងអំឡុងពេលនោះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកប្រភេទ MK84 បំផ្លាញផ្លូវជាតិលេខ៥៨ និងបន្តបាញ់ផ្លោងគ្រាប់ចូលដល់មូលដ្ឋានឃុំបេង ស្រុកបន្ទាយអំពិល និងក្រុងសំរោង។
ទង្វើឈ្លានពាននេះ មិនត្រឹមតែបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះជាច្រើន ដែលបង្កការភ័យខ្លាច និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។ រណ្តៅគ្រាប់បែកដ៏ធំ និងគ្រាប់មិនទាន់ផ្ទុះទាំងនេះ នៅតែជាការចងចាំដ៏ឈឺចាប់ និងជាបញ្ហាប្រឈមដ៏ធំសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ដើម្បីប្រែក្លាយតំបន់ដែលរងការគំរាមកំហែង ទៅជាតំបន់ដែលមានសុវត្ថិភាព និងអាចអភិវឌ្ឍន៍បានពេញលេញ។ ទោះជាយ៉ាងណា ការងារនេះនៅតែទាមទារពេលវេលា និងធនធានច្រើន ដើម្បីបញ្ចប់ទាំងស្រុងនូវការគំរាមកំហែងពីសំណល់សង្គ្រាមទាំងនេះ៕





































