Fresh Exclusive: ហ្សេឡិនស្គី និង ណេថាន់យ៉ាហ៊ូ ទៅវ៉ាស៊ីនតោន៖ តើអាមេរិកនឹងកំណត់អាទិភាពអាវុធសម្រាប់សមរភូមិណា ខណៈឃ្លាំងស្តុកអាវុធរបស់ខ្លួន កំពុងរងសម្ពាធ? (Video inside)
28-07-2026 17:38
(ភ្នំពេញ)៖ មេដឹកនាំអ៊ុយក្រែន និងអ៊ីស្រាអែល បានធ្វើដំណើរដល់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងពេលតែមួយ ខណៈសហរដ្ឋអាមេរិក កំពុងប្រឈមសម្ពាធលើស្តុកអាវុធទំនើប ក្រោយយុទ្ធនាការវាយប្រហារលើអ៊ីរ៉ង់អស់១៣យប់ជាប់ៗគ្នា ។ តើដំណើររបស់លោកហ្សេឡិនស្គី និង លោក ណេថាន់យ៉ាហ៊ូ ដើម្បីជួបមេដឹកនាំអាមេរិក ជាជំនួបការទូតធម្មតា ឬជាការកំណត់អាទិភាពយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញសំណួរនេះ៖
ក្នុងថ្ងៃតែមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវទទួលមេដឹកនាំពីររូប ដែលកំពុងដឹកនាំប្រទេសរបស់ខ្លួននៅក្នុងសង្គ្រាមពីរខុសគ្នា។ ម្នាក់ គឺប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលកំពុងស្វែងរកប្រព័ន្ធការពារដែនអាកាស Patriot និងការគាំទ្របន្ថែម ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី។ ចំណែកម្នាក់ទៀត គឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលត្រូវពិភាក្សាអំពីសង្គ្រាមជាមួយអ៊ីរ៉ង់ ភាពតានតឹងនៅលីបង់ និងសន្តិសុខរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។
នៅពេលធម្មតា ជំនួបទាំងពីរ អាចត្រូវបានមើលថា ជាកិច្ចប្រជុំការទូតពីរដាច់ដោយឡែកពីគ្នា។ ប៉ុន្តែនៅពេលនេះ វាកើតឡើងខណៈដែលសហរដ្ឋអាមេរិក ទើបបញ្ចប់ការវាយប្រហារ១៣យប់ជាប់គ្នាលើអ៊ីរ៉ង់ និងកំពុងប្រឈមក្តីបារម្ភអំពីភាពខ្វះខាតនូវអាវុធទំនើប ជាពិសេសមីស៊ីលស្ទាក់ចាប់ និងគ្រាប់រំសេវក្នុងស្ថានភាព ដែលសង្គ្រាមជុំទីបីរវាងអាមេរិកនិងអ៊ីរ៉ង់កំពុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ។
CNN បានផ្សាយបង្ហាញការព្រួយបារម្ភថា យុទ្ធនាការអ៊ីរ៉ង់បានប្រើប្រាស់អាវុធចំនួនច្រើន ខណៈប្រធានអគ្គសេនាធិការចម្រុះអាមេរិក និងមន្ត្រីជាន់ខ្ពស់ បានលើកសំណួរអំពីសមត្ថភាពបន្តសង្គ្រាមក្នុងរយៈពេលវែង។
ដូច្នេះ សំណួរធំនៃជំនួបនៅវ៉ាស៊ីនតោន មិនមែនមានត្រឹមថា តើលោក ត្រាំ នឹង ត្រូវផ្តល់អទិ ភាពគាំទ្រអ៊ុយក្រែន ឬ អ៊ីស្រាអែលប៉ុណ្ណោះទេ។ សំណួរដែលសំខាន់ជាងនេះ គឺ៖
នៅពេលធនធានយោធាទំនើបមិនអាចបង្កើនបានភ្លាមៗ តើសហរដ្ឋអាមេរិកនឹងផ្តល់អាទិភាពដល់សមរភូមិណា ហើយតើសម្ព័ន្ធមិត្តណា នឹងទទួលបានអាវុធដែលកំពុងមានតម្រូវការខ្ពស់ជាងគេ?
*Zelenskyy មកស្នើអាវុធ ដែលអាមេរិកកំពុងត្រូវការខ្លួនឯង
សម្រាប់អ៊ុយក្រែន តម្រូវការបន្ទាន់បំផុតនៅពេលនេះ គឺការពារដែនអាកាស។ Reuters បានរាយការណ៍ថា លោក Volodymyr Zelenskyy ត្រូវបានរំពឹងថា នឹងស្នើសុំប្រព័ន្ធការពារដែនអាកាស Patriot បន្ថែម និងពិភាក្សាអំពីកិច្ចសហការផលិតប្រព័ន្ធនេះ រវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងអង្គការ NATO។ ជំនួបនេះ ក៏អាចពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដ្រូន ដែលអ៊ុយក្រែន ចង់យកសមត្ថភាព និងបទពិសោធន៍សង្គ្រាមរបស់ខ្លួន មកធ្វើជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយអាមេរិកផងដែរ។
សំណើរបស់លោក Zelenskyy មានទម្ងន់ ព្រោះរុស្ស៊ីនៅតែបន្តប្រើមីស៊ីល និងដ្រូន វាយប្រហារលើទីក្រុង ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅយោធារបស់អ៊ុយក្រែន។ ទោះមានការលើកឡើងអំពីលទ្ធភាពនៃបទឈប់បាញ់តាមអាកាសមុនជំនួបក៏ដោយ ទីក្រុងមូស្គូ មិនទាន់ទទួលស្គាល់ថា មានសំណើជាក់លាក់ណាមួយដែលអាចនាំទៅរកការបញ្ឈប់ការវាយប្រហារទាំងនោះនៅឡើយទេ។
សម្រាប់លោក Zelenskyy ការទទួលបានប្រព័ន្ធអាវុធ Patriot មិនមែនគ្រាន់តែជាការទទួលបានអាវុធបន្ថែមមួយប្រភេទនោះទេ។ វាជាការរក្សាសមត្ថភាពឱ្យអ៊ុយក្រែនអាចការពារទីក្រុង ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ព្រមទាំងបន្តការតស៊ូនៅលើសមរភូមិ ខណៈកំពុងរង់ចាំដំណោះស្រាយផ្នែកនយោបាយ។
ប៉ុន្តែបញ្ហាសម្រាប់ទីក្រុង Kyiv គឺថាអាវុធ Patriot ក៏ជាប្រព័ន្ធអាវុធដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាកំពុងត្រូវការខ្លាំងដែរ។ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Patriot នេះ ក៏ត្រូវបានប្រើប្រាស់ដើម្បីការពារមូលដ្ឋានយោធា កងទ័ព និងហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក និងសម្ព័ន្ធមិត្ត ពីការវាយតបដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ផងដែរ។
ដូច្នេះ នៅពេលលោក Zelenskyy ស្នើសុំអាវុធ Patriot បន្ថែម, សំណួរមិនមែនមានត្រឹមថា តើសហរដ្ឋអាមេរិក នៅតែចង់ជួយអ៊ុយក្រែនឬមិនជួយនោះទេ។ បញ្ហាធំជាងនេះ គឺថា លោកត្រូវបញ្ចុះបញ្ចូលលោក ដូណាល់ ត្រាំ ថា ការផ្តល់ប្រព័ន្ធ Patriot បន្ថែមទៅឱ្យទីក្រុង Kyiv នឹងមិនធ្វើឱ្យសមត្ថភាពការពារកងទ័ពអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាចុះខ្សោយឡើយ។
*Netanyahu មករកការធានាថា អ៊ីស្រាអែល នៅតែជាអាទិភាពកំពូលនៅមជ្ឈិមបូព៌ា
សម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ស្ថានភាពមានភាពខុសពីអ៊ុយក្រែន ប៉ុន្តែតម្រូវការផ្នែកយោធា និងសន្តិសុខខ្លះមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទាំងអ៊ីស្រាអែល និងអ៊ុយក្រែន សុទ្ធតែពឹងផ្អែកខ្លាំងលើប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវទំនើប និងការគាំទ្រផ្នែកព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិក។
ក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំ, លោក Netanyahu ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីការផ្អាកការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ស្ថានការណ៍នៅលីបង់ និងទិសដៅយុទ្ធសាស្ត្ររបស់ Washington នៅមជ្ឈិមបូព៌ា។ Reuters បានរាយការណ៍ថា ជំនួបនេះកើតឡើង ខណៈទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ មានភាពខ្វែងគំនិតខ្លះ ហើយសហរដ្ឋអាមេរិកកំពុងព្យាយាមបើកចន្លោះសម្រាប់ការចរចាជាមួយទីក្រុងតេហេរ៉ង់។ ក្នុងបរិបទនេះ គោលដៅរបស់លោក Netanyahu ទំនងមានយ៉ាងហោចណាស់បីចំណុចសំខាន់៖
ទីមួយ គឺធានាថា ការផ្អាកការវាយប្រហាររបស់សហរដ្ឋអាមេរិក មិននាំទៅរកកិច្ចព្រមព្រៀងមួយដែលអ៊ីស្រាអែលចាត់ទុកថា ទន់ខ្សោយពេកចំពោះអ៊ីរ៉ង់ ឬផ្តល់ឱកាសឱ្យទីក្រុងតេហេរ៉ង់ស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញ។
ទីពីរ គឺធានាថា អ៊ីស្រាអែល នឹងបន្តទទួលបានប្រព័ន្ធការពារដែនអាកាស, មីស៊ីលស្ទាក់ចាប់, គ្រាប់រំសេវទំនើប និងការគាំទ្រផ្នែកព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិក។ ការធានានេះកាន់តែមានសារៈសំខាន់ នៅពេលស្តុកអាវុធទំនើបរបស់អាមេរិក កំពុងរងសម្ពាធពីសង្គ្រាមជាច្រើនក្នុងពេលតែមួយ។
ទីបី គឺរក្សាឱ្យបាននូវគោលការណ៍ថា សន្តិសុខរបស់អ៊ីស្រាអែលនៅតែជាអាទិភាពកំពូលមួយរបស់សហរដ្ឋអាមេរិក ទោះបី Washington កំពុងបែងចែកធនធានទៅអ៊ុយក្រែន, រក្សាកម្លាំងនៅមជ្ឈិមបូព៌ា និងត្រៀមសមត្ថភាពសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដោយ។
ប៉ុន្តែបញ្ហាប្រឈមរបស់លោក Netanyahu ជាមួយអាមេរិកវិញ គឺថា លោក ត្រាំ កំពុងបង្ហាញយ៉ាងច្បាស់ថា អ៊ីស្រាអែលមិនអាចកំណត់ការសម្រេចចិត្តផ្នែកសន្តិសុខ និងការលក់អាវុធរបស់អាមេរិកបានទាំងស្រុងនោះទេ។ ក្នុងករណីការលក់យន្តហោះចម្បាំង F-35 ទៅតួកគី លោក ត្រាំ បានច្រានចោលការជំទាស់របស់អ៊ីស្រាអែល ដោយបញ្ជាក់ថា គ្មាននរណាម្នាក់អាចប្រាប់លោកថា សហរដ្ឋអាមេរិកគួរលក់អ្វី និងទៅឱ្យប្រទេសណានោះទេ។
ដូច្នេះ ជំនួបរបស់លោក Netanyahu នៅវ៉ាស៊ីនតោន មិនមែនគ្រាន់តែជាការស្វែងរកអាវុធ ឬការធានាសន្តិសុខបន្ថែមទេ។ វាក៏ជាការព្យាយាមមានឥទ្ធិពលលើការកំណត់គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ផងដែរ ជាពិសេសថា តើការចរចាគួរទៅដល់ណា តើលក្ខខណ្ឌណា ដែលអាចទទួលយកបាន និងតើនៅពេលណា Washington គួរត្រឡប់ទៅប្រើជម្រើសយោធាវិញ។
ក្នុងន័យនេះ លោក Netanyahu មិនមែនមក ដើម្បីត្រឹមតែធានាថា អ៊ីស្រាអែលនឹងបន្តទទួលបានអាវុធពីអាមេរិកទេ។ លោក ក៏កំពុងព្យាយាមរកការធានាថា នៅក្នុងការកំណត់អាទិភាពថ្មីរបស់ Washington សំឡេង និងក្តីបារម្ភរបស់អ៊ីស្រាអែល នៅតែមានទម្ងន់ខ្លាំងបំផុតនៅមជ្ឈិមបូព៌ា។
*បញ្ហាមិនមែនថា អាមេរិកអស់អាវុធទេ ប៉ុន្តែការផលិត មិនអាចតាមទាន់ការប្រើប្រាស់ភ្លាមៗ
ការនិយាយថា «សហរដ្ឋអាមេរិកអស់អាវុធ» គឺជាការសន្និដ្ឋានលើសពីភស្តុតាងដែលមាន។ អាមេរិកនៅតែមានឃ្លាំងអាវុធដ៏ធំ និងមានសមត្ថភាពផលិតអាវុធទំនើបច្រើនប្រភេទ។ ប៉ុន្តែបញ្ហាដែលកំពុងលេចឡើង មិនមែនជាការអស់អាវុធទាំងស្រុងនោះទេ។ បញ្ហាគឺ អាវុធទំនើបមួយចំនួន កំពុងត្រូវបានប្រើប្រាស់ក្នុងល្បឿនខ្ពស់ជាងល្បឿនដែលរោងចក្រអាចផលិតជំនួសបានភ្លាមៗ។
មីស៊ីលស្ទាក់ចាប់ និងគ្រាប់រំសេវដែលមានភាពជាក់លាក់ខ្ពស់ មិនមែនជាអាវុធដែលអាចផលិតបន្ថែម ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍បានឡើយ។ វាត្រូវការគ្រឿងបន្លាស់ស្មុគស្មាញ បច្ចេកវិទ្យាខ្ពស់ កម្លាំងពលកម្មជំនាញ និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្ថិរភាព។ ដូច្នេះ ទោះបីសហរដ្ឋអាមេរិក មានថវិកា និងសមត្ថភាពឧស្សាហកម្មធំក៏ដោយ ក៏ការបំពេញស្តុកឡើងវិញនៅតែត្រូវការពេលវេលា។
លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា សហរដ្ឋអាមេរិកមានគ្រាប់រំសេវជាច្រើនប្រភេទ ប៉ុន្តែសម្រាប់អាវុធដែលលោកហៅថា «ទំនើប និងស្មុគស្មាញ» មួយចំនួន អាមេរិកចង់មានបន្ថែមទៀត។ ការទទួលស្គាល់នេះ មិនបញ្ជាក់ថា ឃ្លាំងអាវុធរបស់អាមេរិក បានអស់នោះទេ ប៉ុន្តែវាបង្ហាញថា ស្តុកអាវុធសំខាន់មួយចំនួន កំពុងស្ថិតក្រោមសម្ពាធពីតម្រូវការនៅសមរភូមិជាច្រើនក្នុងពេលតែមួយ។
ភស្តុតាងមួយដែលបង្ហាញពីសម្ពាធនេះ គឺផែនការរបស់ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុន Lockheed Martin ក្នុងការបង្កើនសមត្ថភាពផលិតមីស៊ីល PAC-3 MSE ពីប្រមាណ៦០០គ្រាប់ក្នុងមួយឆ្នាំ ទៅប្រមាណ២,០០០គ្រាប់ក្នុងមួយឆ្នាំ ក្រោមកិច្ចព្រមព្រៀងរយៈពេលប្រាំពីរឆ្នាំ។ តួលេខនេះបង្ហាញចំណុចសំខាន់ពីរ។
ទីមួយ តម្រូវការមីស៊ីលស្ទាក់ចាប់ បានកើនឡើងខ្លាំង រហូតដល់សហរដ្ឋអាមេរិកត្រូវមានផែនការបង្កើនផលិតកម្មលើសបីដង។ ការកើនឡើងនេះ ឆ្លុះបញ្ចាំងពីតម្រូវការការពារដែនអាកាសនៅអ៊ុយក្រែន អ៊ីស្រាអែល មជ្ឈិមបូព៌ា និងតម្រូវការរបស់កងទ័ពអាមេរិកផ្ទាល់។
ទីពីរ ផែនការនេះបង្ហាញថា ការបង្កើនផលិតកម្មមិនអាចធ្វើឡើងភ្លាមៗបានទេ។ ទោះមានការបញ្ជាទិញ និងថវិកាគ្រប់គ្រាន់ក៏ដោយ ការពង្រីករោងចក្រ បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ បណ្តុះបណ្តាលកម្មករ និងផលិតគ្រឿងបន្លាស់ ដែលមានភាពស្មុគស្មាញ ត្រូវការពេលរាប់ឆ្នាំ។
ក្រុមហ៊ុន Lockheed Martin បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ខ្លួនបានប្រគល់មីស៊ីល PAC-3 MSE ចំនួន៦២០គ្រាប់ និងបានបង្កើនផលិតកម្ម ប្រមាណ៦០ភាគរយក្នុងរយៈពេលពីរឆ្នាំ។ ប៉ុន្តែគោលដៅផលិតឱ្យបាន២,០០០គ្រាប់ក្នុងមួយឆ្នាំ គឺជាផែនការរយៈពេលប្រាំពីរឆ្នាំ។ ដូច្នេះ វាមិនអាចដោះស្រាយសម្ពាធលើស្តុកអាវុធក្នុងសប្តាហ៍នេះ ឬក្នុងរយៈពេលប៉ុន្មានខែខាងមុខបានឡើយ។
សហរដ្ឋអាមេរិក ក៏បានព្រមព្រៀងបង្កើនសមត្ថភាពផលិតមីស៊ីលស្ទាក់ចាប់ THAAD ពី៩៦គ្រាប់ ទៅ៤០០គ្រាប់ក្នុងមួយឆ្នាំផងដែរ។ ផែនការនេះបង្ហាញថា សម្ពាធមិនមានតែលើប្រព័ន្ធ Patriot ប៉ុណ្ណោះទេ ប៉ុន្តែបានគ្របដណ្តប់លើប្រព័ន្ធការពារមីស៊ីលជាច្រើនប្រភេទ ដែលអាមេរិក និងសម្ព័ន្ធមិត្តត្រូវការក្នុងពេលតែមួយ។
ដូច្នេះ ពាក្យដែលត្រឹមត្រូវជាង «អាមេរិកអស់អាវុធ» គឺ «គម្លាតរវាងអត្រាប្រើប្រាស់ និងអត្រាផលិតជំនួស»។ គម្លាតនេះហើយ ដែលកំពុងបង្ខំឱ្យទីក្រុង Washington ត្រូវគិតកាន់តែម៉ត់ចត់ថា តើត្រូវរក្សាអាវុធសម្រាប់ការពារកងទ័ពអាមេរិក ឬត្រូវផ្តល់ទៅអ៊ុយក្រែន ឬត្រូវបែងចែកទៅអ៊ីស្រាអែល និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។
ក្នុងន័យនេះ បញ្ហាស្តុកអាវុធមិនមែនគ្រាន់តែជាបញ្ហាផលិតកម្មរបស់រោងចក្រការពារជាតិទេ។ វាកំពុងក្លាយជាកត្តាដែលកំណត់ថា សហរដ្ឋអាមេរិក អាចគាំទ្រសង្គ្រាមប៉ុន្មានក្នុងពេលតែមួយ និងអាចរក្សាការសន្យាចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនបានយូរប៉ុនណា។
សេចក្តីសន្និដ្ឋាន
ជំនួបរបស់លោក ដូណាល់ ត្រាំ ជាមួយលោក Volodymyr Zelenskyy និងលោក Benjamin Netanyahu នៅវ៉ាស៊ីនតោន មានសារៈសំខាន់លើសពីកិច្ចការទូតទ្វេភាគីធម្មតា។ វាកើតឡើងនៅពេលសហរដ្ឋអាមេរិក កំពុងប្រឈមការពិតថ្មីមួយ៖ ទោះមានកម្លាំងយោធា និងសមត្ថភាពផលិតអាវុធធំបំផុតមួយក្នុងពិភពលោកក៏ដោយ ក៏អាមេរិកមិនអាចប្រើប្រាស់អាវុធទំនើបក្នុងអត្រាខ្ពស់នៅសមរភូមិជាច្រើន ដោយគ្មានផលប៉ះពាល់លើស្តុកអាវុធ និងការត្រៀមកម្លាំងរយៈពេលវែងបានឡើយ។
លោក Zelenskyy និងលោក Netanyahu មិនបានមកប្រជែងគ្នាដោយផ្ទាល់នោះទេ។ ប៉ុន្តែពួកគេទាំងពីរ កំពុងចូលទៅក្នុងប្រព័ន្ធសម្រេចចិត្តតែមួយ ដែលត្រូវបែងចែកធនធានមានកំណត់ទៅឱ្យសម្ព័ន្ធមិត្តជាច្រើន ខណៈការគំរាមកំហែងនៅតំបន់ផ្សេងៗ កំពុងកើនឡើងក្នុងពេលតែមួយ។
សម្រាប់អ៊ុយក្រែន សំណួរគឺថា តើទីក្រុង Kyiv នឹងទទួលបានប្រព័ន្ធអាវុធ Patriot និងមីស៊ីលស្ទាក់ចាប់បានគ្រប់គ្រាន់ ដើម្បីការពារទីក្រុង ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនដែរឬទេ?
សម្រាប់អ៊ីស្រាអែល សំណួរគឺថា តើការផ្អាកការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ នឹងនាំទៅរកកិច្ចព្រមព្រៀងដែលអាចធានាសន្តិសុខរបស់ខ្លួន ឬផ្តល់ឱកាស ឱ្យទីក្រុងតេហេរ៉ង់ស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញ?
សម្រាប់លោក ត្រាំ វិញ សំណួរធំជាងគេ គឺថា តើសហរដ្ឋអាមេរិកអាចបន្តរក្សាការសន្យាចំពោះសម្ព័ន្ធមិត្តទាំងអស់ ដោយមិនធ្វើឱ្យសមត្ថភាពការពារខ្លួនឯង និងការត្រៀមប្រឈមនឹងវិបត្តិថ្មីៗចុះខ្សោយបានដែរឬទេ?
ដូច្នេះ ជំនួបទាំងនេះ អាចក្លាយជាពេលវេលាបង្ហាញលំដាប់អាទិភាពយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក។ តើទីក្រុង Washington នឹងបន្តចែករំលែកអាវុធទៅគ្រប់សមរភូមិដូចមុន? តើនឹងជំរុញឱ្យសម្ព័ន្ធមិត្តចែករំលែកបន្ទុកកាន់តែច្រើន? ឬតើនឹងប្រើការទូត ដើម្បីកាត់បន្ថយចំនួនសង្គ្រាមដែលខ្លួនត្រូវគាំទ្រក្នុងពេលតែមួយ?
នៅទីបំផុត បញ្ហាស្តុកអាវុធ មិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសរបស់មន្ទីរបញ្ចកោណនោះទេ។ វាកំពុងក្លាយជាកត្តាដែលកំណត់គោលនយោបាយការបរទេស ការបែងចែកអាទិភាពដល់សម្ព័ន្ធមិត្ត និងព្រំដែននៃអំណាចរបស់សហរដ្ឋអាមេរិក។
សំណួរសំខាន់បំផុត ដូច្នេះ មិនមែនថា អាមេរិកមានអាវុធច្រើនប៉ុនណាទេ ប៉ុន្តែគឺថា តើអាមេរិក អាចប្រើប្រាស់អំណាចរបស់ខ្លួននៅសមរភូមិជាច្រើនបានយូរប៉ុនណា?






























