* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំមហាសន្និបាតកំណើតសហគមន៍ និងដាក់ឱ្យប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ផ្លូវការ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងលើកកម្ពស់តម្លៃទីផ្សារ

29-07-2026 15:55

(ពោធិ៍សាត់)៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក កឹម សុខុន រដ្ឋលេខាធិការ តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ញឹក បានខេង អភិបាលរងតំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើតដំបូង ការពិនិត្យ និងអនុម័តលើលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» និងការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឈុន សិរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, លោកប្រធាន ក.ប.ប ខេត្ត, លោកអភិបាលរងក្រុង-ស្រុក ព្រមទាំងបងប្អូនកសិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យដំណាំក្រូចជាច្រើនរូបទៀត។

លោក កឹម សុខុន បានថ្លែងថា មហាសន្និបាតនេះ គឺស្របគ្នានឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ រហូតមកទល់បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានទទួលពាក្យស្នើសុំ និងចុះបញ្ជីម៉ាកសរុបជាង១៥ម៉ឺនម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ចំនួន១២ និងម៉ាកសមូហភាពចំនួន១៣ ដែលជួយលើកកម្ពស់សេដ្ឋកិច្ច បង្កើតការងារ និងផ្សព្វផ្សាយវប្បធម៌ទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

លោកបន្តថា គម្រោងរៀបចំ និងចុះបញ្ជីម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ត្រូវបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២០។ ក្រោយមហាសន្និបាតនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងរៀបចំដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសមូហភាពនេះ នៅក្រសួងពាណិជ្ជកម្មជាផ្លូវការក្នុង ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។ លោករដ្ឋលេខាធិការបន្ថែមថា កសិករ អាជីវករ និងពាណិជ្ជករ ដែលពាក់ព័ន្ធ មានសិទ្ធិសុំចូលជាសមាជិក និងអាចប្រើប្រាស់ម៉ាកសមូហភាពនេះបាន ដោយត្រូវគោរពតាមលក្ខខណ្ឌកំណត់ស្របតាមបទប្បញ្ញត្តិដែលមានជាធរមាន។

ក្នុងឱកាសនោះ ក៏មានការពិនិត្យ និងអនុម័តបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់», បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈសហគមន៍ និងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិផងដែរ។

សូមជម្រាបថា ខេត្តពោធិ៍សាត់ គឺជាខេត្តដែលមានសក្តានុពលកសិផលខ្លាំងក្លា ដោយបច្ចុប្បន្នដំណាំក្រូចពោធិ៍សាត់មានផ្ទៃដីដាំដុះសរុប ៣,០៤៧ហិកតា, ផ្ទៃដីប្រមូលផល ១,៩៣៨ហិកតា, បរិមាណផលប្រចាំឆ្នាំប្រមាណ ២៩,៨៨១តោន។ រយៈពេល៨ខែ ក្នុងមួយឆ្នាំ (សំបូរផលខ្លាំងនៅចន្លោះខែមិថុនា ដល់ខែវិច្ឆិកា) ជាមួយទិន្នផលជាមធ្យម ១២ ទៅ ១៦តោន/ហិកតា។

ក្រូចពោធិ៍សាត់ ត្រូវបានទទួលស្គាល់ និងពេញនិយមយ៉ាងខ្លាំងថា មានរសជាតិជូរអែមឆ្ងាញ់ ពិសេស និងប្លែកជាងគេ។ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងបញ្ហា ការក្លែងបន្លំប្រភពក្រូចពោធិ៍សាត់នៅលើទីផ្សារ ដែលប៉ះពាល់ដល់កិត្តិនាម និងគុណតម្លៃ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត បានផ្តួចផ្តើមបង្កើតម៉ាកសញ្ញានេះឡើង ដើម្បីការពារកម្មសិទ្ធិបញ្ញាពេញលេញ និងទប់ស្កាត់ការក្លែងបន្លំ។ ពង្រឹងគុណភាព សុវត្ថិភាព និងបង្កើនលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។ ជំរុញការនាំចេញ និងកសាងទំនុកចិត្តខ្ពស់ពីអតិថិជន។

អតិថិជន និងសាធារណជន អាចរកទិញក្រូចពោធិ៍សាត់ស្រស់ៗ និងមានគុណភាពខ្ពស់ដោយផ្ទាល់បាន នៅ «ផ្សារសហគមន៍ក្រូចពោធិ៍សាត់» ដែលនឹងចាប់ផ្តើមបើកដំណើរការចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ៖
⏰ម៉ោងបើកលក់៖ ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៤៖០០នាទីល្ងាច
📍ទីតាំងផ្សារសហគមន៍៖ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
📲 លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៧ ៦៣៣ ៤១៤១ / ០៧០ ៤១៤ ១៦៧៕