កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាល៤ទីតាំង រកឃើញជនបរទេស៩នាក់
29-07-2026 17:50
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បាទបានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៤ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៩នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ គឺជនជាតិចិន៧នាក់ (ស្រី១នាក់) និងជនជាតិឡាវ២នាក់ (ស្រីទាំងពីរនាក់) តែមិនជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍បានបញ្ជាក់ថា ទីតាំងទាំង៣រួមមាន៖
*ទីតាំងទី១ អគារកម្ពស់២ជាន់ផ្ទាល់ដី ១២៥បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេស និងពុំមានសម្ភារសង្ស័យទេ។ ក្រុមការងារបានធ្វើការអប់រំ។
*ទីតាំងទី២ អគារកម្ពស់៨ជាន់ ៥៤បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេស និងពុំមានសម្ភារសង្ស័យទេ។ ក្រុមការងារបានធ្វើការអប់រំ។
*ទីតាំងទី៣ សណ្ឋាគារ ជីលីដុងហ្វាង ហូថែល ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនបរទេសស្នាក់នៅចំនួន៩នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ គឺជនជាតិចិន៧នាក់ (ស្រី១នាក់) និងជនជាតិឡាវ២នាក់ (ស្រីទាំងពីរនាក់)។ ទីតាំងពុំមានសម្ភារសង្ស័យទេ។ ក្រុមការងារបានធ្វើការអប់រំ។
*ទីតាំងទី៤ អគារមួយកន្លែង ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពុំមានជនបរទេស និងពុំមានសម្ភារសង្ស័យទេ។ ក្រុមការងារបានធ្វើការអប់រំ៕




































