បណ្ឌិត អ៊ាង សុផល្លែត ជំរុញពង្រឹងការគ្រប់គ្រងធនធានធម្មជាតិជំហានទី២ និងការផ្សព្វផ្សាយព័ត៌មានបរិស្ថានជូនសាធារណជន
29-07-2026 17:52
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងការគ្រប់គ្រងធនធានធម្មជាតិជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
ការណែនាំនេះធ្វើឡើងក្នុងឱកាសកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងប្រធានមន្ទីរបរិស្ថានទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអនុវត្តជំហានទី២ នៃសសរស្តម្ភបៃតង (យុទ្ធសាស្ត្រ២.១) ដោយផ្តោតលើលទ្ធផលជាក់ស្តែង ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ក្នុងនោះរួមមាន ការបន្តអនុវត្តច្បាប់ ១០០% ដោយមិនលើកលែងចំពោះបទល្មើសនានា និងពង្រឹងការសហការជាមួយគណៈបញ្ជាការរដ្ឋបាលខេត្ត ក្រុង ស្រុក កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌។
លើសពីនេះ ត្រូវពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័ន អង្គការដៃគូ និងប្រជាពលរដ្ឋ ដើម្បីការពារព្រៃឈើ ពង្រីកភាពបៃតង និងជំរុញការបណ្តុះដាំដើមឈើឱ្យបានច្រើន។
ទន្ទឹមនឹងនេះ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានជំរុញឱ្យមានការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ គោលបំណងគឺដើម្បីការពារកុំឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់មន្ត្រីគ្រប់ថ្នាក់ ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិតបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានពិត និងការឆ្លើយតបបានទាន់ពេលវេលា គឺជាយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីជំរុញការចូលរួមការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយចីរភាព៕











