សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
29-07-2026 19:55
(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី ហួរ ប្រធាន នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។ពិធីប្រគល់-ទទួល បានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា (វត្ដភ្នំ)។
ពិធីប្រគល់ និងទទួលនេះដែរ បានធ្វើឡើងក្រោមវត្ដមានលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម និងសហការី ព្រមទាំងការអញ្ជើញពីលោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីពេទ្យគន្ធបុប្ផា, លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស រួមទាំងក្រុមការងារជាច្រើនរូបទៀត។
ជាកិច្ចស្វាគមន៍ដ៏កក់ក្ដៅ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអ្នកឧកញ៉ា លី ហួរ រួមទាំងក្រុមការងារទាំងអស់ ដែលតែងតែចូលរួមចំណែកដ៏សំខាន់មិនអាចកាត់ថ្លៃបានក្នុងការជួយកុមារកម្ពុជា ក៏ដូចជាជួយដល់ក្រុមគ្រួសាររបស់កុមារកម្ពុជា តាមរយៈបរិច្ចាគថវិកាជារៀងរាល់ពេលដែលមន្ទីរពេទ្យត្រូវការជំនួយ ដើម្បីយកមកផ្គត់ផ្គង់នឹងការចំណាយនានាក្នុងការពិនិត្យនិងព្យាបាលជំងឺជូនកម្ពុជា។
លោកបានគូរសរម្លឹកថា នេះជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសវត្ដមានរបស់លោកអ្នកឧកញ៉ា លី ហួរ គឺបានចូលរួមជួយឧបត្ថម្ភគាំទ្រ មូលនិធិគន្ធបុប្ផាកុមារកម្ពុជា តាំងពីថ្ងៃបង្កើតដំបូង។ លោកបានគូសបញ្ជាក់ថា លោកអ្នកឧកញ៉ា លី ហួរ ក៏ជាសមាជិកស្ថាបនិក ១រូប ក្នុងចំណោមសមាជិកស្ថាបនិកទាំង ១៣៣រូប របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយលោកអ្នកឧកញ៉ា លី ហួរ បានប្រកាសបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សហប្រធានស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកបានបញ្ជាក់ថា «បើទោះបីជាក្រោយថ្ងៃនេះនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» តែសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី ហួរ ជាប្រធាន គឺនៅតែបន្ដឧបត្ថម្ភថវិកា ហើយនេះជាលើកទី៣ ដែលចំនួនលើកនេះ គឺជារឿងមួយ តែអ្វីដែលពិសេសនោះគឺការបន្ដចូលរួមចំណែកឧបត្ថម្ភថវិកាដើម្បីជួយកុមារកម្ពុជា ដែលនេះបានសបញ្ជាក់ឱ្យឃើញពីទំហំទឹកចិត្ដដ៏មានតម្លៃមិនអាចកាត់ថ្លៃរបស់លោកអ្នកឧកញ៉ា និងសហការីគ្រប់ៗរូបរបស់សមាគម»។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលរួមកៀរគរ និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៣លើក ដោយលើកទី១ បានបរិច្ចាគថវិកាចំនួន ៥៩,៩៩៩ដុល្លារ កាលពីឆ្នាំ២០២៤, លើកទី២ បានបរិច្ចាគថវិកាចំនួន ១០០,០០០ដុល្លារ កាលពីឆ្នាំ២០២៥ និង លើកទី៣នេះ បរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារ។
ជាការឆ្លើយតបលោកអ្នកឧកញ៉ាបានថ្លែងថា «ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមឧបត្ថម្ភថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាគំនិតផ្ដួចផ្ដើម
ដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដោយមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងនាមលោកអ្នកឧកញ៉ា និងសហការីទាំងអស់ សូមសម្ដែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្តួចផ្តើមដ៏ថ្លៃថ្លានេះ ដែលមានគោលបំណងកៀរគរធនធានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួម
ចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្តល់សេវាព្យាបាលប្រកបដោយគុណភាពជូនកុមារកម្ពុជា ដោយមិនប្រកាន់ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ។ មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះអាយុជីវិត និងថែទាំសុខភាពកុមារកម្ពុជា រាប់លាននាក់អស់រយៈពេលជាច្រើនទសវត្សរ៍។ «ដូច្នេះការចូលរួមរបស់យើងម្នាក់បន្តិចៗនឹងក្លាយជាកម្លាំងដ៏ធំមួយ ដើម្បីធានាថាមន្ទីរពេទ្យនៅតែអាចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះបាន។
លោកអ្នកឧកញ៉ាបានបន្ថែមថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បង្ហាញឱ្យឃើញថា ការចែករំលែកមិនស្ថិតនៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែស្ថិតនៅលើទឹកចិត្ត និងការចូលរួមរបស់មនុស្សគ្រប់រូប។ ប្រសិនបើយើងម្នាក់ៗរួមចំណែកត្រឹម ១០,០០០រៀល នោះការរួមគ្នារបស់មនុស្សរាប់ម៉ឺននាក់ នឹងបង្កើតជាមូលនិធិដ៏មានសារៈសំខាន់ សម្រាប់អនាគតរបស់កុមារកម្ពុជា។ ក្នុងនោះផងដែរសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មជាមួយមន្ទីរពេទ្យ និងរាជរដ្ឋាភិបាល ក្នុងការកៀរគរ ផ្សព្វផ្សាយទៅសមាជិករបស់ខ្លួនដើម្បីចូលរួមគាំទ្រ និងឧបត្ថម្ភក្នុងបេសកកម្មដ៍មានអត្ថន័យ និងសារៈសំខាន់មួយ។
ក្នុងនាមលោកអ្នកឧកញ៉ាជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងតំណាងឱ្យសមាជិក នឹងបន្តគាំទ្រយុទ្ធនាការនេះបន្តទៅឆ្នាំក្រោយៗទៀត។ ក្នុងឱកាសនោះលោកអ្នកឧកញ៉ា សូមអំពាវនាវដល់សប្បុរសជន ពិសេសសមាជិកន
សមាគម វិស័យឯកជនស្ថាប័ន អង្គការ និងប្រជាពលរដ្ឋទាំងអស់ ពិសេសសមាជិកនៃសមាគម បន្តចូលរួមគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា តាមលទ្ធភាពរបស់ខ្លួន ព្រោះរាល់ការបរិច្ចាគរបស់យើង គឺជាការវិនិយោគលើជីវិត សុខភាព និងអនាគតរបស់កុមារកម្ពុជា។
សូមជម្រាបថា បន្ទាប់ពីប្រគល់ និងទទួលថវិការួចរាល់ លោកអ្នកឧកញ៉ា និងសមាជិក សមាជិកា បានចុះសួរសុខទុក្ខកុមារដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នាឱកាសនោះលោកជំទាវឧកញ៉ា ចាន់ សុទ្ធា ទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន សេនជូរី គ្រុប បានឧបត្ថម្ភបន្ថែមពីលើមូលនិធិរបស់សមាគម ដោយផ្ដល់គ្រែពេទ្យសម្រាប់កុមារសម្រាកព្យាបាលជំងឺចំនួន ២០០គ្រែ និងគ្រែសង្គ្រោះបន្ទាន់របស់កុមារ ចំនួន ៥គ្រែ ហើយក្នុងនោះឯកឧត្ដមសាស្រ្តាចារ្យ ទូស សាភឿន សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ខេមបូឌាន អង្គរ លែន ប្រផឹធី អេន មេនេច ម៉ិន ឯ.ក ក៏បានឧបត្ថម្ភបន្ថែមនូវគ្រែសង្រ្គោះកុមារចំនួន ៥គ្រែទៀតផងដែរ។
នាឱកាសនោះលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីពេទ្យគន្ធបុប្ផា បានសម្ដែងនូវទឹកចិត្ដរំភើបរកអ្វីផ្ទឹមមិនបាន ដែលមន្ទីរពេទ្យនឹងមានលទ្ធភាពបន្ថែមក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះលោកជំទាវឧកញ៉ា ចាន់ សុទ្ធា និងឯកឧត្ដមសាស្រ្តាចារ្យ ទូស សាភឿស ព្រមទាំងសមាគមទាំងមូលផងដែរ សម្រាប់ទំហំចិត្ដសណ្ដោសប្រណីដ៏ធំធេងមួយនេះ៕






















