ពលរដ្ឋងាយរងគ្រោះបំផុត៩គ្រួសារ នៅភូមិតាតុក១ ឃុំមោងទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី
29-07-2026 20:24
(បាត់ដំបង)៖ អនុវត្តន៍តាមអនុសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណៈ កម្មាធិការសាខា នា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី ដឹកនាំដោយ លោក ឡុង សុភឺន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមាន ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ដែលជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ៩ គ្រួសារ នៅស្ថិតនៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ឡុង សុភឺន បានពាំនាំនូវប្រសាសន៍ របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។ជាមួយគ្នានេះ លោកអនុប្រធានអនុសាខាស្រុក បានផ្តាំផ្ញើបងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស ព្រមទាំងត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេង សត្វ អាសិរពិសផ្សេងៗ និងត្រៀមបង្ការពី ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាស និងចូលគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។
លោក ឡុង សុភឺន បានគូសបញ្ជាក់ថា បើទោះបីជាបងប្អូន មានជីវភាព លំបាកយ៉ាងណាក៏ដោយ ក៏សូមឱ្យប្រជាពលរដ្ឋខិតខំជម្នះការលំបាក តស៊ូ ជំរុញកូនរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបាន
ការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ។
អំណោយដែលត្រូវផ្តល់ជូនរួមមាន៖ អង្ករ២០គីឡូក្រាម, ឃីត១កញ្ចប់, ទឹកត្រី១យួរ, ទឹកស៊ីអ៊ី១យួរ, មី១កេស, ទឹកបរិសុទ្ធ១យួរ និងថវិកា២រៀលផងដែរ ៕










