វិភាគអន្តរជាតិ៖ តើប៉ាគីស្ថាននឹងធ្វើអន្តរាគមន៍ ក្នុងជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងហ៊ូទី ឬ?
29-07-2026 21:16
(បែរឡាំង)៖ ប៉ាគីស្ថានបានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន លើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីតនៅក្នុងតំបន់សមុទ្រក្រហម កាលពីសប្ដាហ៍មុន នៅចំពោះមុខការព្រួយបារម្ភពីការពង្រីកជម្លោះកាន់តែធំក្នុងតំបន់មជ្ឈិមបូព៌ា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសប៉ាគីស្ថានបានព្រមានថាការគំរាមកំហែងណាមួយរបស់ក្រុមហ៊ូទីចំពោះផលប្រយោជន៍សមុទ្ររបស់ប៉ាគីស្ថានក្នុងតំបន់សមុទ្រក្រហម អាចនឹងត្រូវជួបប្រទះនឹងការប្រើប្រាស់កម្លាំងដោយស្របច្បាប់។
ប៉ាគីស្ថានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទាំងពាណិជ្ជកម្ម និងសន្តិសុខជាមួយអារ៉ាប៊ីសាអូឌីត ហើយកប៉ាល់ដឹកទំនិញដោតទង់ជាតិប៉ាគីស្ថានតែងតែធ្វើដំណើរចេញចូលកំពង់ផែអារ៉ាប៊ីសាអូឌីត នៅសមុទ្រក្រហមជាញឹកញាប់។ កាលពីខែកញ្ញា ឆ្នាំ២០២៥ ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកដែលនៅក្នុងនោះរួមមានទាំងលក្ខខណ្ឌនៃការការពារសន្តិសុខជាសមូហភាព ដែលមានន័យថាការវាយប្រហារ លើប្រទេសហត្ថលេខីណាមួយ គឺនឹងត្រូវបានចាត់ទុកជាការវាយប្រហារលើប្រទេសទាំង២។ បន្ទាប់ពីក្រុមហ៊ូទីបាញ់មីស៊ីលលើភាគខាងត្បូង អារ៉ាប៊ីសាអូឌីតកាលពីសប្ដាហ៍មុន ក្រសួងការបរទេសប៉ាគីស្ថានបានបង្ហាញការប្ដេជ្ញាចិត្តឥតងាករេចំពោះកិច្ចព្រមព្រៀងសន្តិសុខនេះ។
ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ប៉ាគីស្ថានក៏មានទំនាក់ទំនងល្អជាមួយអ៉ីរ៉ង់ ហើយក៏ជាអ្នកសម្របសម្រួលក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ផងដែរ។ ក្នុងន័យនេះការធ្វើសកម្មភាពយោធាណាមួយប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់អាចនឹងធ្វើឱ្យទីក្រុងអ៉ីស្លាម៉ាបាដធ្លាក់ចូលទៅក្នុងស្ថានភាពនយោបាយការបរទេសដ៏ស្មុគស្មាញបំផុតមួយដែលប៉ាគីស្ថានមិនធ្លាប់បានប្រឈមជាច្រើនឆ្នាំមកនេះ។
* ការរក្សាតុល្យភាពរបស់ប៉ាគីស្ថានជាមួយអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់
ជាប្រពៃណី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាទាំងយោធា និងយុទ្ធសាស្ត្រ។ ក្នុងនោះក្រុមឧត្តមសេនីយ៍ និងក្រុមទីប្រឹក្សាយោធាប៉ាគីស្ថានបានផ្ដល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីតជាច្រើនទស្សវត្សរ៍មកហើយ។ លោក Farea Al-Muslimi ជាអ្នកជំនាញម្នាក់មកពីស្ថាប័ន Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ DW ថាកងទ័ពប៉ាគីស្ថានមានវត្តមានរួចទៅហើយនៅក្នុងប្រទេសយេម៉ែនដើម្បីគាំទ្រអារ៉ាប៊ីសាអូឌីត ការពារសន្តិសុខ និងបណ្ដុះបណ្ដាលកងកម្លាំងអារ៉ាប៊ីសាអូឌីត។ តែមន្ត្រីប៉ាគីស្ថានម្នាក់បានទាត់ចោលការអះអាងបែបនេះ។ យ៉ាងណាក៏ដោយ ប្រសិនបើហ៊ូទីនៅតែបន្តវាយប្រហារលើកប៉ាល់ដឹកប្រេង និងកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហម នោះអារ៉ាប៊ីសាអូឌីតអាចនឹងបោះដៃទៅរកជំនួយពីប៉ាគីស្ថាន។ «ប៉ាគីស្ថានជាដៃគូសន្តិសុខមួយក្នុងចំណោមដៃគូសន្តិសុខជិតស្និទ្ធបំផុតរបស់អារ៉ាប៊ីសាអូឌីត ហើយកិច្ចព្រមព្រៀងការពារគ្នាធ្វើឱ្យការស្នើសុំជំនួយគឺជារឿងមួយអាចធ្វើទៅរួច។ ម្យ៉ាងវិញទៀត ប្រសិនបើស្ថិតនៅក្រោមការវាយប្រហារពីអ៉ីរ៉ង់ ទីក្រុងរីយ៉ាដប្រហែលជានឹងបង្កើនការស្វែងរកជំនួយយោធាពីប៉ាគីស្ថាន ក្នុងករណីមានអារម្មណ៍ថាខ្លួនស្ថិតនៅក្រោមការគំរាមកំហែងសន្តិសុខកាន់តែខ្លាំង»។ នេះជាការលើកឡើងរបស់លោក Michael Kugelman ជាអ្នកជំនាញម្នាក់ពីស្ថាប័ន Atlantic Council ក្នុងទីក្រុងវ៉ាស៊ីនតោន។
តែទោះជាបែបនេះក្ដី ការពង្រឹងទំនាក់ទំនងកាន់តែប្រសើរឡើងរបស់ប៉ាគីស្ថានជាមួយអ៉ីរ៉ង់ និងតួនាទីសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ អាចនឹងបង្កភាពស្មុគស្មាញដល់ការធ្វើអន្តរាគមន៍យោធា ឬតួនាទីយោធារបស់ប៉ាគីស្ថានដើម្បីការពារអារ៉ាប៊ីសាអូឌីត។ លោកស្រី Ayesha Siddiqa ជាអ្នកវិភាគលើយោធាប៉ាគីស្ថានម្នាក់ និងជាមន្ត្រីជាន់ខ្ពស់មកពីសាកលវិទ្យាល័យ King's College London បាននិយាយថា «ប៉ាគីស្ថាន និងអ៉ីរ៉ង់មានទំនាក់ទំនងដ៏ស្មុគស្មាញមួយ នៅពេលដែលពួកគេគិតពីប្រយោជន៍យុទ្ធសាស្ត្ររៀងៗខ្លួន។ កន្លងមក ប៉ាគីស្ថានក៏ធ្លាប់បានព្រមានអ៉ីរ៉ង់ជាច្រើនលើកដែរថាក្នុងករណីមានជម្លោះផ្ទុះឡើង នោះប៉ាគីស្ថាននឹងគាំទ្រអារ៉ាប៊ីសាអូឌីត»។ បើគេនៅចាំមិនភ្លេចទេ បន្ទាប់ពីមានភាពតានតឹងផ្ទុះឡើងកាលពីឆ្នាំ២០២៤ ជាពេលដែលអ៉ីរ៉ង់ និងប៉ាគីស្ថានបាញ់មីស៊ីលឆ្លងដែនការដាក់គ្នា ប្រទេសជិតខាងទាំង២ចាប់តាំងពីនោះមកបានកសាងទំនាក់ទំនងការទូតឡើងវិញ និងបានពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលធ្វើសកម្មភាពនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២។
លោក Kugelman យល់ថា «ការគាំទ្រផ្នែកយោធាទ្រង់ទ្រាយតូច ឬមានដែនកំណត់សម្រាប់អារ៉ាប៊ីសាអូឌីត នឹងមិននាំទៅរកការកាត់ផ្ដាច់ទំនាក់ទំនងរបស់ប៉ាគីស្ថានជាមួយអ៉ីរ៉ង់នោះទេ។ ប៉ុន្តែក្នុងបរិបទដែលទីក្រុងអ៉ីស្លាម៉ាបាដកំពុងព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួលដោយអព្យាក្រឹត ការពង្រីកការគាំទ្រយោធា ឬការផ្គត់ផ្គង់អាវុធទៅឱ្យទីក្រុងរីយ៉ាដ អាចនឹងធ្វើឱ្យតេហេរ៉ង់កាន់តែមានការសង្ស័យ ហើយបំផ្លាញតួនាទីជាអ្នកសម្របសម្រួលជម្លោះរបស់ប៉ាគីស្ថាន»។
* តើប៉ាគីស្ថានអាចផ្ដល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីតក្នុងកម្រិតណា?
ក្រុមអ្នកវិភាគបាននិយាយថាប្រសិនបើអារ៉ាប៊ីសាអូឌីតស្នើសុំជំនួយ នោះប៉ាគីស្ថានអាចនឹងឆ្លើយតបតាមរយៈការផ្ដល់ជំនួយផ្តោតលើការការពារផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត ជាជាងចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការវាយប្រហារ។ លោកស្រី Siddiqa បាននិយាយថាជាជម្រើសដែលប៉ាគីស្ថានពេញចិត្ត នោះគឺចូលរួមក្នុងប្រតិបត្តិការការពារ ដ្បិតការពង្រីកប្រតិបត្តិការក្នុងសមុទ្រក្រហមអាចនឹងប្រឈមហានិភ័យខ្លាំងពេក។ វិធីសាស្ត្រចូលរួមរបៀបនេះក្នុងនោះរួមមានការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ កិច្ចសហប្រតិបត្តិការការពារដែនអាកាស ការស៊ើបការណ៍សមុទ្រ និងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត។ មធ្យោបាយទាំងនេះនឹងអនុញ្ញាតឱ្យប៉ាគីស្ថានផ្ដល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីត ដោយមិនចាំបាច់ចូលរួមក្នុងប្រតិបត្តិការវាយប្រហារ។
តាមលោក Kugelman បើទោះជាមានទំនាក់ទំនងយោធាជិតស្និទ្ធ និងមានកិច្ចព្រមព្រៀងការពារគ្នាជាមួយអារ៉ាប៊ីសាអូឌីតក៏ពិតមែន ប៉ាគីស្ថានទំនងជានឹងមិនផ្ដល់ការគាំទ្រតាមរយៈអាវុធ ឬបញ្ជូនកងទ័ពនោះទេ។ ទីក្រុងអ៉ីស្លាម៉ាបាដបាន និងកំពុងផ្តោតលើការទប់ស្កាត់កុំឱ្យជម្លោះក្នុងតំបន់ រាលដាលកាន់តែធំ និងការពារតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលក្នុងសង្រ្គាមអ៉ីរ៉ង់។ បានន័យថាសម្រាប់បាគីស្ថាន ក្នុងស្ថានការណ៍បច្ចុប្បន្ន ការផ្ដល់ការគាំទ្រផ្នែកយោធាណាមួយដល់អារ៉ាប៊ីសាអូឌីតអាចនឹងបង្កឱ្យមានផលវិបាកនយោបាយ និងធ្វើឱ្យខូចដល់ទំនាក់ទំនងរបស់ខ្លួនជាមួយ តេហេរ៉ង់។ ឬនិយាយម្យ៉ាងទៀត ជួយអារ៉ាប៊ីសាអូឌីតក៏ពិបាក ហើយបើនៅស្ងៀមមិនធ្វើអ្វីសោះកាន់តែពិបាកទៅទៀត។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ប៉ាគីស្ថានទំនងជាអាចនឹងគាំទ្រដល់សន្តិសុខដែនសមុទ្រ និងសេរីភាពនៃការធ្វើនាវាចរ ខណៈចៀសវាងការវាយប្រហារដោយផ្ទាល់លើក្រុមហ៊ូទីក្នុងពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ចូលដល់ដំណាក់កាលមួយដ៏គ្រោះថ្នាក់។ ប៉ុន្តែប្រសិនបើជម្លោះនៅសមុទ្រក្រហមកាន់តែឡើងកម្ដៅ វានឹងធ្វើឱ្យការព្យាយាមប្រកាន់ជំហរអព្យាក្រឹតរបស់ប៉ាគីស្ថាននឹងកាន់តែពិបាក ដ្បិតអារ៉ាប៊ីសាអូឌីតអាចនឹងដាក់សម្ពាធឱ្យប៉ាគីស្ថានធ្វើអន្តរាគមន៍ រីឯអ៉ីរ៉ង់នឹងដាក់សម្ពាធលើប៉ាគីស្ថានកុំឱ្យលូកដៃចូល។
សម្រាប់លោក Kugelman ថាតើសង្រ្គាមអ៉ីរ៉ង់នឹងឆ្ពោះទៅទិសដៅណា ពោលគឺឡើងកម្ដៅ ឬថមថយកម្ដៅ អាចនឹងកែប្រែជំហររបស់អារ៉ាប៊ីសាអូឌីតចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី។ បានន័យថាប្រសិនបើការផ្អាកជម្លោះសព្វថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ នៅតែបន្តធ្វើឡើង នោះទីក្រុងរីយ៉ាដអាចនឹងរង់ចាំអ៊ុតមើលស្ថានការណ៍សិន ឬក៏ចាត់វិធានការឆ្លើយតបវិញដោយប្រុងប្រយ័ត្ន ជាជាងធ្វើសកម្មភាពបង្កើនជម្លោះ។ ប៉ុន្តែអារ៉ាប៊ីសាអូឌីតនឹងបន្តសម្លឹងឃើញប៉ាគីស្ថានជាដៃគូសន្តិសុខដ៏សំខាន់មួយ ក៏ព្រោះតែការគំរាមកំហែងពីក្រុមហ៊ូទីនឹងមិនរលាយបាត់ទៅណាទេ បើទោះជាសង្រ្គាមអ៉ីរ៉ង់បិទបញ្ចប់ក៏ដោយ៕









