មេអាវុធហត្ថខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ៣វត្ត ក្នុងស្រុកមេមត់ បន្តទ្រទ្រង់លើកស្ទួយពុទ្ធសាសនា
30-07-2026 08:04
(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងនាយ-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន៣វត្ត រួមមាន: វត្តក្តុល វត្តអន្ទ្រឺស និងវត្តស្លា ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា លើកឡើងថា ការលើកកម្ពស់ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា គឺជាការចាក់គ្រឹះយ៉ាងរឹងមាំដល់សន្តិភាពផ្លូវចិត្ត និងជាប្រភពថាមពលសីលធម៌សង្គមដ៏ល្អផូរផង់ សម្រាប់សង្គមជាតិខ្មែរទាំងមូល។
លោកឧត្ដមសេនីយ៍ គូសបញ្ជាក់ថា កងរាជអាវុធហត្ថមិនត្រឹមតែបំពេញបេសកកម្មស្នូលលើការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែតែងតែឈរជើងយ៉ាងរឹងមាំជាកម្លាំងចលករ ក្នុងការរួមសុខរួមទុក្ខ ការពារវប្បធម៌ ប្រពៃណី និងជាបង្អែកដល់វិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ចំពោះទានព្រះវស្សា និងទេយ្យទានដែលបានប្រគេនដល់វត្តទាំង៣ ក្នុងមួយវត្តៗទទួលបាន: បច្ច័យប្រគេនព្រះសង្ឃ ១,០០០,០០០ រៀល, ទៀនវស្សា ១គូ, អង្ករ ២បេ, ស្លាដក ៤, ចង្ហាន់ ១ស្រាក់, ទឹកសុទ្ធ ៤កេស, ទឹកផ្លែឈើ ៤កេស, មី ៤កេស, ទឹកត្រី ៤យួរ និងទឹកស៊ីអ៊ីវ ៤យួរ។
ជាមួយគ្នានេះ គណៈអធិបតីក៏បានចែកថវិកាសរុប ២,៧០០,០០០ រៀល ជូនដល់លោកតាលោកយាយ និងប្រជាពលរដ្ឋដែលបានចូលរួម សរុបថវិកាចំណាយទាំងអស់ ចំនួន១០,២០០,០០០ រៀលផងដែរ៕


















