វិចារណកថា៖ តើអ្វីជាបាបកម្មបរិស្ថាន?
30-07-2026 08:41
(ភ្នំពេញ)៖ គំនិតផ្តើម «ភាពឈឺចាប់ដំបូងរបស់ធម្មជាតិ គឺកើតឡើងនៅក្នុងបេះដូង មុនពេលវាលេចឡើងនៅលើផែនដី»។
នៅពេលមនុស្សទូទៅបានឮពាក្យថា «បាប»ពួកគេអាចនឹកគិតទៅដល់ការដាក់ទោស ទណ្ឌកម្ម ក្តីអាម៉ាស់ ឬការចង្អុលមុខបន្ទោសនរណាម្នាក់។ ប៉ុន្តែ នៅក្នុងដំណើរសិក្សាស្វែងយល់មួយនេះ យើងមិនប្រើប្រាស់ពាក្យនេះក្នុងន័យបែបនោះឡើយ។
«បាបចំពោះបរិស្ថាន» សំដៅលើគំនិត ការជ្រើសរើស ឬសកម្មភាពទាំងឡាយណាដែលបង្កការខូចខាត ឬការឈឺចាប់ដោយអត់ប្រយោជន៍ដល់ពិភពធម្មជាតិ និងដល់ជីវិតទាំងឡាយដែលរស់ពឹងផ្អែកលើលើធម្មជាតិ។ នេះមិនមែនជាស្លាកសញ្ញាសម្រាប់បិទលើបុគ្គលណាម្នាក់នោះទេ ប៉ុន្តែជាសារព្រមានអំពីផ្លូវដែលយើងកំពុងដើរ។
ចូរស្រមៃមើលសិស្សម្នាក់ដែលផឹកទឹកអស់ ហើយគ្រវែងដបទឹកនោះចោលនៅតាមចិញ្ចើមផ្លូវ។ ដបនោះមានទំហំតូច ហើយសកម្មភាពនោះចំណាយពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ។ ប៉ុន្តែ ការជ្រើសរើសមួយនេះបានបញ្ជាក់នូវន័យមួយថា៖ «ទីកន្លែងនេះ មិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំឡើយ»។
ទឹកភ្លៀងអាចគួចនាំដបនោះចូលទៅក្នុងលូ។ លូអាចនាំដបនោះទៅដល់ស្ទឹងតាមបណ្តោយទឹក ហើយសត្វទាំងឡាយអាចច្រឡំថាជាចំណី ហើយស៊ីដបនោះចូលទៅក្នុងពោះ។ ខណៈពេលដែលភាពធ្វេសប្រហែសកើតត្រឹមមួយប៉ព្រិចភ្នែក អាចបន្សល់ផលប៉ះពាល់យ៉ាងឆ្ងាយហួសពីការស្មាន ដែលឆ្ងាយជាងចម្ងាយដែលអ្នកបង្កើតវាទៅទៀត។
ការបំផ្លិចបំផ្លាញបរិស្ថាន ច្រើនតែចាប់ផ្តើមឡើងដោយស្ងាត់ៗ។ វាចាប់ផ្តើមនៅពេលដែលយើងយកលើសពីតម្រូវការ បោះចោលនូវអ្វីដែលអ្នកដទៃអាចប្រើប្រាស់បាន បំផ្លាញដោយខ្វះការយល់ដឹង ឬបែរខ្នងដាក់បញ្ហាដោយសារគិតថាវានៅឆ្ងាយហួសពីខ្លួន។
យើងអាចមើលឃើញការខូចខាតបរិស្ថាបានដោយងាយប្រឡាយទឹកកខ្វក់ ផ្សែងពុលនៅលើអាកាស ឬភ្នំត្រងោលគ្មានដើមឈើ ប៉ុន្តែ គ្រាប់ពូជដំបូងបង្អស់នៃវិបត្តិទាំងនេះ ច្រើនតែលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងឥរិយាបថ និងផ្នត់គំនិតរបស់យើងផ្ទាល់។ នេះជាដំណឹងដ៏ប្រកបដោយក្តីសង្ឃឹម។
ប្រសិនបើការបំផ្លិចបំផ្លាញចាប់ផ្តើមចេញពីជម្រើសនៅក្នុងចិត្ត នោះការការពារក៏អាចចាប់ផ្តើមចេញពីទីនោះបានដូចគ្នា។ យើងមិនចាំបាច់រង់ចាំរហូតដល់យើងមានអំណាច មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬរហូតដល់យើងធំដឹងក្តីពេញវ័យនោះឡើយ។
យើងអាចចាប់ផ្តើមសង្កេតមើលអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តគំនិតរបស់យើងផ្ទាល់។ យើងអាចបង្អង់អារម្មណ៍បន្តិចមុននឹងបោះចោលអ្វីមួយ។ យើងអាចសួរខ្លួនឯងថា តើយើងពិតជាត្រូវការអ្វីដែលយើងរៀបនឹងយកនោះដែរឬទេ? យើងអាចរៀនសូត្រស្វែងយល់ មុននឹងយើងធ្វើសកម្មភាព។
គោលបំណងនៃការទទួលស្គាល់ «បាបចំពោះបរិស្ថាន» មិនមែនដើម្បីធ្វើឱ្យយើងមានអារម្មណ៍ថាខុសឆ្គង ឬស្តាយក្រោយនោះទេ។ ក្តីអាម៉ាស់ ឬអារម្មណ៍ខុសឆ្គង អាចធ្វើឱ្យយើងរត់ពួន ប៉ុន្តែ «ការយល់ដឹង» នឹងជួយឱ្យយើងលូតលាស់។
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើការជ្រើសរើសដោយខ្វះការប្រុងប្រយ័ត្ន។ «បេះដូងបៃតង» មិនមែនជាបេះដូងដែលសម្តែងធ្វើជាល្អឥតខ្ចោះនោះទេ ប៉ុន្តែជាបេះដូងដែលហ៊ានប្រឈមមុខ សំឡឹងមើល បើកចិត្តកែប្រែ និងហ៊ានចាប់ផ្តើមសាជាថ្មី។
ធម្មជាតិមិនដែលត្រូវការសេចក្តីអៀនខ្មាសរបស់យើងឡើយ អ្វីដែលធម្មជាតិត្រូវការ គឺ «ការយកចិត្តទុកដាក់» របស់យើង។ ទន្លេមួយខ្សែប្រែជាស្អាតឡើងវិញបាន តាមរយៈអំពើល្អដែលប្រកបដោយក្តីស្រឡាញ់យើងទាំងអស់គ្នាធ្វើរួមគ្នា។
សាលារៀនមួយប្រែជាបៃតងស្អាតបាន នៅពេលដែលសិស្សានុសិស្សចាប់ផ្តើមប្រព្រឹត្តចំពោះសាលាដូចជាផ្ទះរួមរបស់ពួកគេ។ មនុស្សម្នាក់ប្រែជា «អ្នកថែរក្សា» មិនមែនដោយសារគេមិនដែលប្រព្រឹត្តខុសទាល់តែសោះនោះទេ ប៉ុន្តែដោយសារគេបានរៀនសូត្រពីការជ្រើសរើសប្រកបដោយការចេះដឹង។
ថ្ងៃនេះ ចូរយើងចាប់ផ្តើមដោយក្លាហាន។ យើងមិនមែនកំពុងតាមស្វែងរកមនុស្សអាក្រក់នោះទេ យើងកំពុងរៀនសម្គាល់គ្រាប់ពូជដែលមានគ្រោះថ្នាក់ មុនពេលវាលូតលាស់ធំធាត់។ នៅពេលដែល «ការភ្ញាក់រលឹក» ជ្រាបចូលទៅក្នុងបេះដូង ជម្រើសដ៏ល្អប្រសើរជាងមុននឹងអាចកើតមានឡើង ហើយរាល់ជម្រើសដែលល្អប្រសើរជាងមុន គឺជាការចាប់ផ្តើមនៃការព្យាបាល និងការស្តារឡើងវិញ។
*ការពិចារណាតាមបែបព្រះពុទ្ធសាសនា(Buddhist Reflection)
ព្រះធម៌រំលឹកយើងថា «ចេតនា គឺជាអ្នកកសាងសកម្មភាព» (ចេតនាហំ ភិក្ខវេ កម្មំ វទាមិ)។ អំពើដែលបង្កការខូចខាត ច្រើនតែលូតលាស់ចេញពីស្ថានភាពចិត្តដែលខ្វះការពិចារណា ខណៈដែលអំពើប្រកបដោយក្តីមេត្តា លូតលាស់ចេញពីស្មារតីភ្ញាក់រលឹក។
សតិ (ការរលឹកដឹង) អនុញ្ញាតឱ្យយើងមើលឃើញគ្រាប់ពូជនៃគំនិត មុនពេលវាក្លាយជាសកម្មភាព។ នៅពេលនោះ យើងអាចជ្រើសរើសគំនិត និងសកម្មភាពណាដែលជួយកាត់បន្ថយការឈឺចាប់ដល់ខ្លួនឯង មនុស្សជុំវិញខ្លួន សត្វធាតុ និងភពផែនដីទាំងមូល។
ការពិចារណាសម្រាប់ថ្ងៃនេះ (Today’s Reflection)
តើសកម្មភាពតូចតាចអ្វីខ្លះ ដែលខ្ញុំធ្លាប់គិតថា«មិនសំខាន់» ទោះបីជាវាអាចប៉ះពាល់ដល់បរិស្ថានក៏ដោយ?
*សកម្មភាពសម្រាប់ថ្ងៃនេះ (Today’s Action)
សង្កេតមើលសំរាមមួយដុំនៅកន្លែងណាមួយរើសសំរាមនោះ ហើយយកទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។ ចូរឱ្យសកម្មភាពតូចមួយនេះរំលឹកអ្នកថា ទីសាធារណៈ និងធម្មជាតិគឺជាទ្រព្យសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
*ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ (Today’s Pledge)
«ថ្ងៃនេះ ខ្ញុំនឹងបង្អង់អារម្មណ៍បន្តិចមុននឹងធ្វើសកម្មភាព ហើយខ្ញុំនឹងជ្រើសរើសសកម្មភាពណាដែលបង្កផលប៉ះពាល់តិចបំផុត និងបន្សល់នូវការយកចិត្តទុកដាក់ឱ្យបានច្រើនបំផុត»។
នៅពេលយើងពារពារ និងថែរក្សាធម្មជាតិ គឺយើងកំពុងការពារ និងថែរក្សាសត្វលោកទាំងឡាយ រួមទាំងខ្លួនយើងផងដែរ!




