ពាណិជ្ជករកាណាដា បង្ហាញចំណាប់អារម្មណ៍ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា
30-07-2026 09:59
(ភ្នំពេញ)៖ ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ការចាប់អារម្មណ៍នេះត្រូវបានលើកឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយប្រតិភូសភាពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជា (CanCam Cambodia) ដឹកនាំដោយលោកស្រី Yein Ngo ប្រធានសភាពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោកស្រី Yein Ngo បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាននៅកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំប្រទេសឱ្យមានភាពស្អាត បៃតង និងមានបរិស្ថានល្អ។
លោកស្រីបានបញ្ជាក់ពីចំណាប់អារម្មណ៍លើសក្តានុពលខ្ពស់នៃវិស័យបរិស្ថានរបស់កម្ពុជា និងបំណងចូលរួមចំណែកបន្ថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របៃតងរបស់រាជរដ្ឋាភិបាល។
ជាការឆ្លើយតប លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគកាណាដា ក៏ដូចជាអន្តរជាតិនានា ឱ្យមកពិនិត្យលទ្ធភាពវិនិយោគផ្ទាល់នៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ «ស្អាត បៃតង ចីរភាព» ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានការចូលរួមប្តេជ្ញាចិត្តពីប្រជាពលរដ្ឋជាង ១៤លាននាក់។
បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងអន្តរជាតិនានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្រសួងបរិស្ថានបន្តជំរុញការអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើនការចូលរួម និងជីវភាពរស់នៅតាមរយៈការអភិវឌ្ឍគោលដៅលម្ហែបៃតង ព្រមទាំងពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសព្រៃឈើ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស៕













