* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តី ហេង សួរ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន MinebeaMitsumi រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគ នៅខេត្តពោធិ៍សាត់

30-07-2026 11:45

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ក៏ដូចជាពិភាក្សាពី ការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. នៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦នេះ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក កៃនុម៉ា និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះការធ្វើបច្ចុប្បន្នភាពពី ប្រតិបត្តិការរបស់ក្រុមហ៊ុន ការអភិវឌ្ឍធនធានមនុស្ស និងផែនការពង្រីកការវិនិយោគនាពេលអនាគតនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបាន ហើយបានអបអរសាទរដល់ក្រុមហ៊ុន Minebea ក្នុងឱកាសខួបលើកទី១៥ នៃប្រតិបត្តិការនៅកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តវិនិយោគរបស់ក្រុមហ៊ុន MinebeaMitsumi គឺឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ ខ្លួនចំពោះស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា។

ជាមួយនឹងការកោតសរសើរក្រុមហ៊ុន MinebeaMitsumi ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការជំរុញការនាំចេញ ការបង្កើតការងារ និងការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ២០១១មក, លោកបានស្វាគមន៍ការពង្រីកការវិនិយោគរបស់ ក្រុមហ៊ុនទៅកាន់ខេត្តពោធិ៍សាត់ ដែលបង្កើតឱកាសការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មនៅមូលដ្ឋាន។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការទាក់ទាញឧស្សាហកម្ម និងអ្នកផ្គត់ផ្គង់មកវិនិយោគនៅកម្ពុជា ជាពិសេសការទាក់ទាញអ្នកផ្គត់ផ្គង់ពីបរទេសមកកម្ពុជា ដែលជួយពង្រឹងការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក ខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្ទេរបច្ចេកវិទ្យា។

លោករដ្ឋមន្រ្តីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ក្រុមហ៊ុនជាមួយគ្រឹះស្ថាន TVET ដែលផ្តល់ឱកាសបណ្តុះបណ្តាលជាក់ស្តែង កម្មសិក្សា ឱកាសការងារ និងការសិក្សាពីបច្ចេកវិទ្យាឧស្សាហកម្មទំនើប និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្រឹះស្ថាន TVET ដែលរួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ជាដើម។ ឯកឧត្តមបានជម្រាបជូនពីការផ្តល់ការបណ្តុះបណ្តាលបង្កើនជំនាញ និងរៀនជំនាញថ្មីក្រោមកម្មវិធី ១,៥លាន សម្រាប់យុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការដាក់ឱ្យអនុវត្ត «គន្លងវិជ្ជាជីវៈ» នៅក្នុងគន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍធនធានមនុស្ស និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឧស្សាហកម្ម ជាពិសេសលើវិស័យអេឡិចត្រូនិក អគ្គិសនី និងយានយន្ត ដើម្បីបង្កើតប្រភពកម្លាំងពលកម្មជំនាញ ក្នុងស្រុកប្រកបដោយចីរភាពសម្រាប់វិស័យឯកជន។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង Minebea និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការផ្គូផ្គងការងារ និងជ្រើសរើសបុគ្គលិក ដែលរួមទាំងអតីតពលករមកពីប្រទេសថៃផងដែរ។

លោក ហេង សួរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រសួងក្នុងការគាំទ្រវិនិយោគិនដែលមានទំនួលខុសត្រូវ ដែលបង្កើតការងារសមរម្យ អភិវឌ្ឍជំនាញរបស់ប្រជាពលរដ្ឋ លើកកម្ពស់ទំនាក់ទំនងវិជ្ជមានក្នុងវិស័យឧស្សាហកម្ម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តរីកចម្រើន ជាពិសេសលើការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើតការងារ និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ហើយជោគជ័យរបស់ក្រុមហ៊ុន ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប លោក កៃនុម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផលិតភាព ក៏ដូចជាការគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា រហូតទទួលបានសមិទ្ធផលជាទីមោទនៈនេះ។ លោកបានថ្លែងថា លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងតែងផ្តល់ដំណោះស្រាយនៅពេលដែលក្រុមហ៊ុនមានបញ្ហាប្រឈម ជាពិសេសក្នុងដំណាក់កាលដំបូងនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែក្រោយមក កម្លាំងពលកម្មកម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនក៏បានពង្រីកខ្លួនរហូតបង្កើតរោងចក្រទី២ និងក៏គ្រោងសាងសង់រោងចក្របន្ថែមផងដែរ។ ជាមួយនឹងការកត់សម្គាល់ពីការអភិវឌ្ឍនៅកម្ពុជា ក្រុមហ៊ុននៅតែជឿជាក់លើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជាដែលក៏ជួយទាក់ទាញអ្នកវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជាផងដែរ៕