មន្ត្រីជាន់ក្រសួងវប្បធម៌៖ ការប្រើប្រាស់បច្ចេកវិទ្យា AI ជាជំនួយដ៏សំខាន់សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងការជំរុញសេដ្ឋកិច្ចវប្បធម៌តាមរយៈការច្នៃប្រតិដ្ឋ
30-07-2026 12:16
(ភ្នំពេញ)៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជំរុញប្រសិទ្ធភាពការងារ» ដើម្បីបំពាក់បំប៉នចំណេះដឹង និងជំនាញដល់មន្ត្រីរាជការ ដើម្បីចាប់យកបច្ចេកវិទ្យា AI មកជាឧបករណ៍យុទ្ធសាស្ត្រក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងបញ្ជាក់ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ បច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI) បានក្លាយជាកត្តាចាំបាច់ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារ។ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការប្រើប្រាស់ AI មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំនួយដ៏សំខាន់សម្រាប់ការងារអភិរក្សបេតិកភណ្ឌ និងការជំរុញសេដ្ឋកិច្ចវប្បធម៌តាមរយៈការច្នៃប្រតិដ្ឋផងដែរ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបន្ថែមថា ក្នុងបរិបទនៃការចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល សិក្ខាសាលាស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ជាការចូលរួមចំណែកយ៉ាង សកម្មក្នុងការអនុវត្តនូវយុទ្ធសាស្ត្រគោលនយោបាយជាតិសំខាន់ៗដូចជា៖
ទី១. ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក “បច្ចេកវិទ្យា ឌីជីថល” ជាអាទិភាពគន្លឹះមួយនៃបញ្ចកោណទី៥ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ការរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត គឺជាការអនុវត្តជាក់ស្ដែង ដើម្បីកសាងមូលធនមនុស្ស ដែលមានជំនាញឌីជីថល សម្រាប់ជំរុញផលិតភាពការងារក្នុងស្ថាប័នរដ្ឋឱ្យឈានទៅរកកម្រិតអន្តរជាតិ។
ទី២. ការឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល (២០២១-២០៣៥)៖ ក្នុងវិស័យវប្បធម៌ យើងកំពុងយកបច្ចេកវិទ្យាឌីជីថលមកជាកាតាលីករ ដើម្បីធ្វើទំនើបកម្មការងារគ្រប់គ្រង បេតិកភណ្ឌ និងការធ្វើឌីជីថលូបនីយកម្មលើទិន្នន័យវប្បធម៌ ដើម្បីធានាបាននូវភាពមានសុវត្ថិភាព និងភាព យូរអង្វែង។
ទី៣. ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល (២០២២-២០៣៥)៖ ការងារដែលយើងកំពុងធ្វើនេះ គឺដើម្បីសម្រេចបាននូវការកសាងរដ្ឋាភិបាលឆ្លាតវៃ ដែលមានលក្ខណៈតភ្ជាប់ និងសេវាសាធារណៈរហ័ស ទាន់ចិត្ត។ ការប្រើប្រាស់ AI ក្នុងការរៀបចំលិខិតបទដ្ឋានរដ្ឋបាល និងការសម្រេចចិត្តផ្អែកលើទិន្នន័យ គឺជា ចំណុចស្នូលនៃការធ្វើទំនើបកម្មរដ្ឋបាល។
ទី៤. ការចូលរួមក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ៖ តាមរយៈការជំរុញឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ (Creative Economy) ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងផលិតកម្មសិល្បៈវប្បធម៌ យើងកំពុងចូលរួម ចំណែកដោយផ្ទាល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះលោក បានផ្តល់អនុសាសន៍គោលចំនួន៣ ដល់សិក្ខាកាមទាំងអស់ រួមមាន៖ ទី១. ត្រូវផ្លាស់ប្តូរផ្នត់គំនិត ដោយចាត់ទុក AI ជាជំនាញគន្លឹះសម្រាប់មន្ត្រីរាជការជំនាន់ថ្មី។ ទី២. ត្រូវហ៊ានផ្លាស់ប្តូរនិងទទួលយកការផ្លាស់ប្ដូរ ដោយប្រើប្រាស់ឧបករណ៍ថ្មីៗដូចជា Google Gemini, ChatGPT ឬ NotebookLM។ ទី៣. ត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយចងចាំជានិច្ចអំពីក្រមសីលធម៌នៃការប្រើប្រាស់ និងសន្តិសុខសាយប័រ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្តល់កិច្ចសហការ និងបញ្ជូនវាគ្មិនជំនាញៗមកបណ្តុះបណ្តាលមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញការប្រើប្រាស់ AI ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការងារផងដែរ៕


















