សហគ្រាសទេសចរណ៍ និងវិនិយោគិនចិន ចាប់អារម្មណ៍សក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ
30-07-2026 13:19
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ «វេទិកាទេសចរណ៍ធុរកិច្ច ឆ្នាំ២០២៦» ដែលគាំទ្រយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា»។
ពិធីនេះ មានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក អ៊ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លោក Zhou Wendong អភិបាលរងក្រុងអ៊ូស៊ី (Wuxi) ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន លោក Ke Kue អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ព្រមទាំងវិនិយោគិន ធុរជនជាតិ និងអន្តរជាតិ និងភ្ញៀវកិត្តិយសសរុបជាង ៣០០រូប។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍រដូវកាលបៃតង និងសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងកម្ពុជា, ជំរុញការតភ្ជាប់រវាងវិស័យទេសចរណ៍ និងការវិនិយោគ តាមរយៈការផ្គូផ្គងធុរកិច្ច និងកិច្ចពិភាក្សារវាងវិនិយោគិន, ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ជាពិសេសពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦។
ក្រៅពីវេទិកាសំខាន់នេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមជាច្រើនផងដែរ ដូចជា ការផ្គូផ្គងធុរកិច្ចរវាងអ្នកលក់ចំនួន ៣៨ក្រុមហ៊ុន និងអ្នកទិញចំនួន ២៨ក្រុមហ៊ុន ក្នុងវិស័យទេសចរណ៍ ដោយរំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងលើសពី ៥០ភាគរយ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផល «ភូមិ១ ផលិតផល១» ព្រមទាំងព្រឹត្តិការណ៍កីឡាទេសចរណ៍ ដូចជា ការប្រដាល់គុនខ្មែរ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ និងការប្រកួតវាយកូនឃ្លីលើតុជាដើម។
លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា កម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលជាមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគពីបរទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការវិនិយោគ ជាពិសេសការលើកលែងទិដ្ឋាការជូនប្រជាជនចិនរយៈពេល ៥ខែ ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វេទិកានេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងបដិសណ្ឋារកិច្ច។ ទន្ទឹមនឹងនេះ វេទិកានេះក៏ជាឱកាសពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីរួមគ្នាជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងនូវទស្សនគតិសំខាន់ៗចំនួន៣ សម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគនៅខេត្តព្រះសីហនុ រួមមាន៖ ទី១៖ បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួល ទី២៖ បន្តលើកកម្ពស់គុណភាពសេវាកម្ម និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ព្រមទាំងយកចិត្តទុកដាក់លើការកសាងអត្តសញ្ញាណ និងការនិទានរឿង (Storytelling) របស់ខេត្ត សំដៅលើកស្ទួយ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ឱ្យកាន់តែទូលំទូលាយ និង ទី៣៖ បន្តជំរុញការផ្សព្វផ្សាយពីភាពទាក់ទាញរបស់កម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានសក្តានុពលវិនិយោគពិតប្រាកដ ជាពិសេសផ្សព្វផ្សាយទៅកាន់ទីផ្សារប្រទេសចិន។
លោករដ្ឋមន្ត្រី ហួត ហាក់ បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈ «វេទិកាទេសចរណ៍ធុរកិច្ច ឆ្នាំ២០២៦» នេះ នឹងសម្រេចបាននូវកិច្ចព្រមព្រៀងធុរកិច្ចជាច្រើន ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខេត្តព្រះសីហនុ និងកម្ពុជាទាំងមូលទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យមានលំហូរភ្ញៀវទេសចរ និងការវិនិយោគកាន់តែច្រើនថែមទៀត៕
























