សាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ១ ២៧៧នាក់
30-07-2026 13:30
(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន ១,២៧៧នាក់ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តំណាងស្ថាប័នដៃគូ សាស្ត្រាចារ្យ បុគ្គលិក អាណាព្យាបាល និងនិស្សិតជាច្រើនរូប។
និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះមានសរុប១,២៧៧នាក់ ក្នុងនោះមានថ្នាក់បណ្ឌិត ៦នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ១១៥នាក់ បរិញ្ញាបត្រ ១,០៣៧នាក់ និងបរិញ្ញាបត្ររង ១១៩នាក់។ ការបញ្ចប់ការសិក្សារបស់និស្សិតទាំងនេះមិនត្រឹមតែជាសមិទ្ធផលផ្ទាល់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលទ្ធផលនៃការយកចិត្តទុកដាក់របស់សាកលវិទ្យាល័យ គ្រួសារ សាស្ត្រាចារ្យ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។
នៅក្នុងរបាយការណ៍ស្វាគមន៍លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានលើកឡើងថា ក្នុងរយៈពេលជាង១៨ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សទាំងផ្នែករចនាសម្ព័ន្ធ ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការធានាគុណភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បច្ចុប្បន្ន សាកលវិទ្យាល័យមានអង្គភាពចំណុះចំនួន ១៧ ក្នុងនោះមានអង្គភាពបណ្តុះបណ្តាលចំនួន៧អង្គភាព បានបណ្តុះបណ្តាលជំនាញចំនួន ៥៣កម្មវិធីសិក្សា ចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត និងមាននិស្សិតកំពុងសិក្សាសរុប ៦,៤៦៧នាក់។
គិតចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០៨មក សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សជាង ២៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យសាធារណៈ និងឯកជននៅទូទាំងប្រទេស។ ការសិក្សាតាមដាននិស្សិតបញ្ចប់ការសិក្សាក៏បង្ហាញថា និស្សិតប្រមាណជា ៩១ភាគរយ ទទួលបានការងារធ្វើក្នុងរយៈពេលមួយឆ្នាំក្រោយបញ្ចប់ការសិក្សា ដែលជាសូចនាករបញ្ជាក់ពីគុណភាពនៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។
លោក សុខ ឃន បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យកំពុងបន្តអនុវត្តការកែទម្រង់កម្មវិធីសិក្សាផ្អែកលើលទ្ធផល (Outcome-Based Education: OBE) ការរៀនផ្អែកលើគម្រោង (Project-Based Learning: PBL) និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការរៀនសូត្រឌីជីថល (Moodle LMS) ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យក៏កំពុងរៀបចំកម្មវិធីសិក្សាជាច្រើនឱ្យឆ្លើយតបនឹងស្តង់ដារ AUN-QA និងអនុវត្តក្របខណ្ឌ FutureFit Education Framework ដើម្បីអភិវឌ្ឍជំនាញសតវត្សរ៍ទី២១ និងត្រៀមនិស្សិតឱ្យអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។
បន្ថែមពីនេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីជំរុញការស្រាវជ្រាវ នវានុវត្តន៍ ការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ ក៏ដូចជាការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ សាកលវិទ្យាល័យក៏កំពុងអនុវត្តគម្រោងជាច្រើនក្រោមការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវ។
ថ្លែងក្នុងពិធីនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការលើកកម្ពស់គុណភាពអប់រំ ការធានាគុណភាព ការស្រាវជ្រាវ និងនវានុ វត្តន៍ ព្រមទាំងការកសាងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ។
លោមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យា។ ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) គ្រឹះស្ថានឧត្តមសិក្សាត្រូវបន្តអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ការស្រាវជ្រាវ និងការបណ្តុះបណ្តាលជំនាញថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យ ឱ្យបន្តពង្រឹងការធានាគុណភាពអប់រំ លើកកម្ពស់សមត្ថភាពសាស្ត្រាចារ្យ ជំរុញការស្រាវជ្រាវ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការគ្រប់គ្រង ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអភិវឌ្ឍសាកលវិទ្យាល័យឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនៅកម្ពុជា និងក្នុងតំបន់។
លោកបានផ្តាំផ្ញើឱ្យនិស្សិតជ័យលាភី បន្តសិក្សារៀនសូត្រពេញមួយជីវិត ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងស្មារតីច្នៃប្រឌិត ព្រមទាំងប្រើប្រាស់ចំណេះដឹង និងជំនាញដែលទទួលបានពីសាកលវិទ្យាល័យ ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ សង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព និងភាពប្រកួតប្រជែងខ្ពស់។
សូមរំលឹកដែរថា ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន៤លើករួមមាន៖
លើកទី១៖ ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសរុបចំនួន ២,០២៣ នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី និងជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី) និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
លើកទី២៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យបានបន្តរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន ៦០៤ នាក់ (និស្សិតស្រីចំនួន ៣១០ នាក់) ក្នុងនោះនិស្សិតបរិញ្ញាបត្ររងមានចំនួន៥២នាក់ និស្សិតបរិញ្ញាបត្រមានចំនួន៤៨៤នាក់ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់មានចំនួន៦៨នាក់។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី និងជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី) និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិ បាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
លើកទី៣៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សាកលវិទ្យាល័យបានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសរុបចំនួន ២,០៣៤ នាក់ (និស្សិតស្រីចំនួន ១,២៥៧ នាក់) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
លើកទី៤៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យបានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសរុបចំនួន ១,២៧៧ នាក់ (និស្សិតស្រីចំនួន ៧៨០ នាក់) ក្នុងនោះបណ្ឌិតចំនួន៦នាក់ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១១៥នាក់ បរិញ្ញាបត្រចំនួន១០៣៧នាក់ បរិញ្ញាបត្ររងចំនួន១១៩នាក់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង៕



























