លោកស្រី ចាយ ច័ន្ទរ៉ានី ដឹកនាំយោធិននារីកងពល ចុះធ្វើម្ហូបអាហារ និងនាំយកអំណោយប្រគល់ជូនកងទ័ពជួរមុខនៅតំបន់មុំបី
30-07-2026 14:37
(ភ្នំពេញ)៖ ដោយស្ដែងចេញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់ដិតដល់ចំពោះសុខទុក្ខ និងជីវភាពរបស់បងប្អូនយោធិនដែលកំពុងឈរជើងបំពេញភារកិច្ចការពារទឹកដី លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំក្រុមការងារយោធិននារីកងពល ចុះមកកាន់សមរភូមិមុខជាលើកទី១៧ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងលើកទឹកចិត្តដល់បណ្តាអង្គភាពកងទ័ពឈរជើង នៅសមរភូមិមុខនាតំបន់មុំបី។
ក្នុងបេសកកម្មដ៏មានអត្ថន័យនេះ លោកស្រី ចាយ ច័ន្ទរ៉ានី ព្រមទាំងយោធិននារីនៃកងពល បានចុះធ្វើម្ហូបអាហារដោយផ្ទាល់ដៃ មានសម្លក្តៅៗ ស៊ុប និងខ ព្រមទាំងរៀបចំភេសជ្ជៈ និងកាហ្វេយ៉ាងមានអនាម័យ ជូនដល់បងប្អូនយុទ្ធជនជួរមុខបានបរិភោគយ៉ាងឆ្ងាញ់ពិសា និងកក់ក្តៅបំផុត។
ជាមួយគ្នានេះ លោកស្រីក៏បាននាំយកអំណោយសប្បុរសធម៌ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន ទឹកសុទ្ធ ពងទា ផ្អក ប្រហុក ខ្ទឹមស ខ្ទឹមក្រហម ប្រេងឆា ស្ករស អំបិល មីជាតិ ល្ហុងខ្ចី ទឹកសុទ្ធគូលែន ទឹកសុទ្ធប្រូវីដា ត្រាវ បារី តង់ តែ នំកន្ទក់ ពងទាកូន សាច់ជ្រូក បង្គា និងបន្លែជាច្រើនតោន ជូនដល់កងពលតូចអន្តរាគមន៍លេខ៩ និងកងតូចអន្តរាគមន៍លេខ១២៨ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់មុំបី ដើម្បីទ្រទ្រង់ជីវភាព និងការហូបចុកប្រចាំថ្ងៃរបស់ពួកគាត់។
កាយវិការដ៏ទន់ភ្លន់ តែពោរពេញដោយស្មារតីរឹងមាំរបស់លោកស្រី ចាយ ច័ន្ទរ៉ានី និងយោធិននារីកងពល នាពេលនេះ គឺជាការផ្តល់នូវកម្លាំងចិត្តដ៏ធំធេង និងភាពកក់ក្តៅជាគ្រួសារកងទ័ពតែមួយ ធ្វើឱ្យយុទ្ធជនជួរមុខកាន់តែមានស្មារតីមុតមាំក្នុងការបន្តបំពេញភារកិច្ចជូនជាតិមាតុភូមិប្រកបដោយប្រសិទ្ធភាពខ្ពស់៕





























