អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN កោតសរសើររាជរដ្ឋាភិបាលកម្ពុជា លើការជួយជនភៀសសឹក (Video inside)
30-07-2026 15:07
(ភ្នំពេញ)៖ លោក ថូម៉ាស់ អែនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ និងគាំពារដល់ជនភៀសសឹករងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃ។
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ថូម៉ាស់ អែនឌ្រូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោក ថូម៉ាស់ អែនឌ្រូ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងបើកចំហ និងប្រកបដោយការយោគយល់គ្នា។ លោក បានជម្រាបសម្តេចមហាបវរធិបតីថា ក្នុងដំណេីរបំពេញបេសកកម្មការងារនេះ លោកបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល និងបានបំពេញទស្សនកិច្ចនៅជំរុំជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
អ្នករាយការណ៍ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរូបនេះ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ បន្ថែមពីលើនេះ លោកក៏បានកោតសរសើរចំពោះកម្ពុជា ដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធសិទ្ធិមនុស្សចំនួន ៨ លើ ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះលោក ថូម៉ាស់ អែនឌ្រូ ដែលទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការដៃគូសហការក្នុងស្មារតីស្ថាបនា និងប្រកបដោយសមធម៌។ សម្តេចមហាបវរធិបតី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេស ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំជាដើម។
ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ សម្ដេចមហាបវរធិបតី បានបញ្ជាក់បន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺត្រូវស្ថិតនៅក្រោមច្បាប់ ហើយប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗពីគ្នា។
សម្តេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងលេីកទឹកចិត្តឱ្យការសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕













