រដ្ឋលេខាធិការប្រចាំការ ឈឹម សៅគី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃការងារថែទាំផ្លូវជាប្រចាំចំនួន ១៧ខ្សែ ក្នុងខេត្តកំពង់ឆ្នាំង
30-07-2026 17:21
(កំពង់ឆ្នាំង)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១៥ខ្សែ ប្រវែងសរុបជាង ១១២គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ និងផ្លូវក្រាលល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុបជាង ២១គីឡូម៉ែត្រ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះលោក ឈឹម សៅគី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះចំនួន៥រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅ អភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក ឈឹម សៅគី បន្តថា ជុំវិញការអភិវឌ្ឍជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានចាត់ទុកការស្ថាបនា ការស្តារ ថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺជាការវិនិយោគដ៏ចាំបាច់ ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទ មានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផ្លូវគឺជាសរសៃឈាមបម្រើដល់សេដ្ឋកិច្ចផងដែរ។
លោករដ្ឋលេខាធិការប្រចាំការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការងារថែទាំជាប្រចាំផ្លូវខាងលើ ដែលអនុវត្ត ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយរក្សានូវគុណភាពផ្លូវបានល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និងក៏ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីកែប្រែលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទឱ្យមានជីវភាពកាន់តែប្រសើរ។
ការចុះត្រួតពិនិត្យវាយតម្លៃដំណាក់កាលទី១នោះផងដែរ លោក ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ចូលរួមថែទាំងផ្លូវទាំងអស់គ្នាឱ្យបានល្អ ជាពិសេសនៅក្នុងរដូវវស្សានេះជាដើម ដោយត្រូវគាស់កាយ នៅតាមចិញ្ចឹមផ្លូវកុំឱ្យមានការដក់ទឹក ដើម្បីធានានូវគុណភាពផ្លូវសម្រាប់ការប្រើប្រាស់យូរអង្វែង៕
























